ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លំហាត់សមយុទ្ធនាគមាស២០១៩ ធ្វើឡើងស្របតាមការចង់បាន របស់ថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា-ចិន

158


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាករង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ បានលើកឡើងថា សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ព ចិននោះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន។ លំហាត់សមយុទ្ធ “នាគមាសឆ្នាំ២០១៩” រវាងកម្ពុជា និងចិន នឹងព្រឹត្តទៅក្រោមរបៀបវរៈ “ប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌” ខណៈសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាករង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ បានជួបប្រជុំពិភាក្សាជាមួយភាគីចិន ដែលដឹកនាំដោយលោក SHENG YUNLAI នាយរងសេនាធិការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋានកងទ័ព ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា សមយុទ្ធនាគមាស ឆ្នាំ២០១៩ ធ្វើឡើងដើម្បីឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងបេសកកម្មការងាររួមគ្នា។ ឆ្នាំនេះកងទ័ពនិងសម្ភារខាងភាគីចិន នឹងមានចំនួនច្រើនជាងឆ្នាំមុនៗ ហើយនឹងធ្វើក្រោមបៀបវរៈ ជាច្រើន ដែលក្នុងនោះសំខាន់ជាងគេគឺសមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌ ហើយតាមរយៈសមយុទ្ធនេះនឹងធ្វើឱ្យកងទ័ព នៃប្រទេសទាំងពីរដូចបងប្អូននឹងគ្នាយ៉ាងដូច្នេះដែរ។

លោក SHENG YUNLAI បានលើកឡើងថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅជាច្រើនថ្ងៃ ហើយនឹងធ្វើឱ្យកងទ័ព នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) កាន់តែជិតស្និទ្ធនិងគ្នាស្របតាមការចង់បាន របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានយកចិត្តទុកដាក់ខ្ពស់ នាពេលកន្លងមកនោះ។ ភាគីទាំងពីរបានមានសេចក្តីរំពឹងថា សមយុទ្ធនេះ នឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន និងកាន់តែយល់ដឹងអំពីបទពិសោធន៍ រវាងគ្នា និងគ្នាកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រឆាំងអំពើភេរវកម្ម និងការជួយសង្រ្គោះមនុស្សចេញ ពីគ្រោះមហន្តរាយផ្សេងៗនោះ៕

អត្ថបទដែលជាប់ទាក់ទង