ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ និងក្រសួងយុត្តិធម៌ ប្រកាសរួមគ្នា សម្រេចបង្កើតក្រុមការងារ ពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ

96

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានសម្រេចចេញសេចក្តីប្រកាសរួម ស្តីពីការបង្កើតក្រុមការងារពិនិត្យសិក្សាលើសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ។

ការបង្កើតក្រុមការងារនេះ ដោយក្នុងនោះមានលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធាន​ រួមទាំងអនុប្រធាន២រូប និងសមាជិក១១នាក់។ ក្រុមការងារនេះ មានតួនាទីនិងភារកិច្ច ទទួលយកសំណើ និងសំណូមពររបស់អង្គការវិជ្ជាជីវៈ ពាក់ព័ន្ធនឹងនីតិវិធី និងដំណើរការនៃបណ្តឹងក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។ ពិនិត្យនិងសម្របសម្រួល ជាមួយម្ចាស់សំណើ និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់ និងដំណោះស្រាយ។

បើតាមក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សូមជម្រាបជូនអង្គការវិជ្ជាជីវៈ​ ជាពិសេសថ្នាក់ដឹកនាំសហជីព ទាំងអស់ ដែលកំពុងមានករណីបណ្តឹងនៅតុលាការ​ ឱ្យបានជ្រាបថា​ ដើម្បីសហការ​ជាមួយក្រសួងយុត្តិធម៌ ​ក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់ ​ក្នុងដំណើរការនីតិវិធី​តុលាការ​ សំដៅឈានទៅដល់ ការពន្លឿន​ និងបញ្ចាប់​សំណុំរឿងឱ្យបានឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិជាធរមាន​ សូម​ អង្គការវិជ្ជាជីវៈ​ ជាពិសេសថ្នាក់ដឹកនាំសហជីព​ផ្តល់របាយការណ៍អំពីសំណុំរឿង របស់ខ្លួន ​មកក្រសួងការងារ​ និងបណ្តុះបណ្តវិជ្ជាជីវៈ​ ឱ្យបានមុនថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង