ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ចិនជាមិត្តមិនអាចខ្វះបានរបស់កម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍ ពិសេសប្រព័ន្ធគមនាគមន៍ , សាងសង់ផ្លូវ និងស្ពានគិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ

26

កំពង់ចាម៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានអះអាងថា សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់មួយ មិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន ទាំងសេដ្ឋកិច្ច ទាំងសង្គមនៅទូទាំងប្រទេសកម្ពុជា។
ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅចំពោះមុខលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នា សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧១សេ (ត្បូងឃ្មុំ-កំពង់ចាម)។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មិត្តចិនក៏ត្រូវបានទទួលស្គាល់ជាប្រទេសដៃគូលំដាប់ទី១ ដែលបាន និងកំពុងផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងជាច្រើន និងជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់មួយ មិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន ទាំងសេដ្ឋកិច្ច ទាំងសង្គមនៅទូទាំងប្រទេស។ ហើយក្នុងនោះ មិត្តចិនក៏ត្រូវបានទទួលស្គាល់ជាប្រទេសដៃគូលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងជាច្រើន និងជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, គិតមកដល់បច្ចុប្បន្ននេះ គឺមានទឹកប្រាក់សរុបប្រមាណជាង៣ពាន់លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវថ្នល់ និងការតភ្ជាប់ដែល មានភាពប្រទាក់ក្រឡាពេញផ្ទៃក្នុងប្រទេស និងក្នុងតំបន់។
ជាក់ស្ដែង ផ្លូវជាតិលេខ៧១សេ ត្រូវបានសាងសង់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សរុបប្រមាណ១៣៣លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវជាតិលេខ ៧១សេនេះ ដើរតួនាទីយ៉ាងសំខាន់ ជាខ្សែផ្លូវតភ្ជាប់ផ្នែក ខាងលិច និងផ្នែកខាងកើតជាមួយស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិផល។ ជាពិសេសការតភ្ជាប់ទំនាក់ទំនងរវាងបង ប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកចំការលើ, ស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ទៅកាន់តំបន់ផ្សេងៗទៀត ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៥នេះ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើង រហូតក្លាយទៅជាទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិនគ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ និងស្ពាន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន បង្ហាញច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន។ កម្ពុជា និងចិន នៅតែជាមិត្តល្អ នៅតែជាមិត្តដែលគោរពសិទ្ធិ និងអធិបតេយ្យជាតិនៃប្រទេសទាំងពីរទៅវិញទៅមក៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ប្រទេសចិន បានជួយសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដែលបានប្រទាក់ក្រឡាទូទាំងប្រទេស។ ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ ដោយស្តែងឡើងតាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ ស្ពាន ព្រមទាំងសមិទ្ធផលជាច្រើនកំពុងរីកដុះដាលលើទឹកដីកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង