ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រយាងបួងសួងចម្រើនសេចក្តីសុខជូនជាតិកម្ពុជា នៅប្រាសាទអង្គរវត្ត

37

សៀមរាប៖នៅព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ជាតិកម្ពុជា។
ក្នុងព្រះរាជពិធីយ៉ាងមហោឡារឹកក្រោមបរិយាកាសដ៏ត្រជាក់ត្រជំនាពេលព្រឹកព្រលឹមនាមុខប្រាសាទអង្គរដ៏ល្បាញល្បីរបស់ខ្មែរនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។ ក្នុងព្រះរាជពិធី ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត ក៏ដូចជាមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករ។
ព្រះរាជពិធីត្រូវបានប្រព្រឹត្តទៅតាមលំដាប់លំដោយនៃរបៀបវារៈ និងលំអាននៃប្រពៃណីខ្មែររួមមាន៖ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃក្នុងឋានានុក្រម ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃ ៧៩អង្គ ស្វាធ្យាយជយន្តោ។ បន្ទាប់មកអ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ នាយកធម្មការ-សាសនាព្រះបរមរាជវាំងប្រកាសបួងសួង ហើយស្គរជ័យបានបន្លឺឡើង ការសម្តែងរបាំថ្វាយគ្រឿងតង្វាយ និងរបាំបួងសួងចាប់ផ្តើមសម្តែងថ្វាយដោយក្រុមរបាំព្រះរាជទ្រព្យ។
នៅក្នុងព្រះរាជពិធីនោះ ក៏មានការសូត្រនមស្ការព្រះរតនត្រ័យ សមាទានសីល, ការស្វាធ្យាយព្រះបរិត្ត បន្ទាប់មកយាង និងនិមន្តសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃក្នុងឋានានុក្រម ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃ ៧៩អង្គគោចរបិណ្ឌបាត។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបួងសួងនៅប្រាសាទអង្គហើយនោះ ព្រះករុណាព្រះមហាក្សត្រ អមព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន បានយាងទៅថ្វាយគ្រឿងសក្ការបូជានៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង