ព្រះសង្ឃខ្មែរក្រោម ថ្វាយព្រះពរព្រះមហាក្សត្រ និងសម្តេចព្រះវររាជ មាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ការថ្វាយព្រះពរ ថ្វាយព្រះមហាក្សត្រ សម្តេចព្រះវររាជមាតា ជាតិ ខ្មែរ និងការជូនពររវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទូទៅជាកាយ វិការមួយត្រូវបានប្រកាន់យក និងប្រកបដោយសីលធម៌ខ្ពស់មួយក្នុង សង្គម ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម បើទោះបីបច្ចុប្បន្នខ្លួនត្រូវរស់នៅ ក្រោមការគ្រប់គ្រងរបស់វៀតណាម តែទឹកព្រះទ័យ និងដួងចិត្តនៅតែ តម្កល់ ព្រះ មហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ជាព្រះមហាក្សត្រ និងជាព្រះវររាជមាតានៃជាតិរបស់ខ្លួន។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ព្រះកិត្តិបណ្ឌិត បធាន ជ្ងោ តោ ថាច់ អង ព្រះមេគណខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម បានថ្វាយ លិខិតចំនួនពីរដាច់ដោយឡែកពីគ្នាថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
ក្នុងសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ, ព្រះមេគណខេត្តព្រះត្រពាំង បានគូសរំលេចថា គណៈមន្ត្រីសង្ឃ និងព្រះសង្ឃខ្មែរនៅខេត្តត្រាវិញ ដែលជាខ្មែរទូទៅហៅថាខេត្តព្រះត្រពាំងនោះ តែងតែតាមដានព្រះរាជសកម្មភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នៅតាមបណ្តាញសង្គមនានា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជានុរាស្ត្រ។ ជាពិសេសព្រះករុណាជាអម្ចាស់ និងហ្លួងម៉ែ បានប្រោសព្រះរាជទានព្រះរាជទ្រព្យក្នុងបុណ្យកឋិនទានសាមគ្គីមហាគ្រួសារខ្មែរដង្ហែទៅកាន់វត្តស្វាយថ្មី ក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង នាពេលកន្លងមក ដែលព្រះសង្ឃទូទាំងខេត្តតែងតែនឹករឭកជានិច្ច។
ទន្ទឹមនឹងការរំលឹកដល់ព្រះរាជករុណាទិគុណដ៏ជ្រាលជ្រៅរបស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរហើយនោះ ក្នុងសារលិខិតថ្វាយព្រះពរនេះ គណៈមន្ត្រីសង្ឃ និងព្រះសង្ឃខ្មែរខេត្តព្រះត្រពាំង សូមថ្វាយព្រះពរបវរមហាប្រសើរ និងបួងសួងគុណបុណ្យព្រះរតនត្រ័យ ទេវតារក្សស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាមគោរាគៈទេវី សូមប្រោសព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គលវិបុលសុខមហាប្រសើរថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះជន្មាទិឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជានុរាស្ត្រខ្មែរ៕