ទិដ្ឋភាពអ៊ូអរនាថ្ងៃទីពីរ វារៈវ័នបតមានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺនមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥ប្រកបដោយភាពសប្បាយរីករាយ
ភ្នំពេញ៖ទិដ្ឋភាពអ៊ូអរកុះករនៅថ្ងៃទីពីរ វារៈវ័នបតនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។
នេះជាការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៥មេសា២០២៥។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥»ដែលអញ្ជើញប្រកាសបើកជាផ្លូវការដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវព្រមជាមួយថ្នាក់ដឹកនាំ នៃសាលារាជធានីភ្នំពេញជាច្រើនរូបទៀត នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំកាលពីព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៥ប្រកបដោយភាពសប្បាយរីករាយ។«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។
លោកស្រីដោ សម្ផស្ស បានបន្តថា៖ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺនមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥មានការកើនឡើងរាល់ថ្ងៃដោយកាលពីថ្ងៃទី១តែចំនួន៤៨ម៉ឺននាក់ទេហើយថ្ងៃទី៣កើនដល់ចំនួន៨០ម៉ឺននាក់ហើយនេះមិនបានរាបើបញ្ជូនសង្ក្រានតាមសាលាខណ្ឌទាំង១៤និងនៅតាមវត្តអារាមនិងតំបន់ទេសចរផ្សេងទៀតនោះទេ។
នៅថ្ងៃទីពីរ វារៈវ័នបតនេះឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកជំទាវក៏បានចូលរួមលេងកំសាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំដូចកាលពីថ្ងៃទី១ផងដែរ។
សូមជម្រាបថារដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយះពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសាដោយឡែកតំបន់ Walk Street មាត់ទន្លរមានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៌ទី១២ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីផងដែរ៕