ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយះពេល៣ថ្ងៃនៅ«សង្ក្រានវត្តភ្នំ២០២៥»មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករប្រមាណជិត៣លានមកលេងកំសាន្តសប្បាយក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ

37

ភ្នំពេញ៖រយះពេល៣ថ្ងៃមានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករប្រមាណជិត៣លាននាក់បាននាំគ្នាមកលេងកម្សាន្ត​យ៉ាងសប្បាយរីករាយ​នៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” ២០២៥នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំក្រោមម្លប់សុខសន្តិភាពដោយមានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របស់រដ្ឋបាលរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ។
បើយោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៦មេសា២០២៥នេះថា៖នៅថ្ងៃទី៣ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃ​ទី​១៦ខែមេសា​ ឆ្នាំ​២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន១លាន៥សែននាក់បាននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។
លោកស្រីបន្តថា៖កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ​ទី​១៥ ខែមេសា​ ឆ្នាំ​២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងបរទេសចំនួន៨០ម៉ឺននាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។
នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋនិងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករសម្រុកមកលេងកំសាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត«សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេមានប្រមាណ៤៨ម៉ឺននាក់ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥។
លោកស្រីដោ សម្ផស្ស បានបន្តថា៖ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥មានការកើនឡើងរាល់ថ្ងៃដោយកាលពីថ្ងៃទី១តែចំនួន៤៨ម៉ឺននាក់ទេហើយថ្ងៃទី២កើនដល់ចំនួន៨០ម៉ឺននាក់និងនៅថ្ងៃទី៣កើនដល់ចំនួន១លាន៥សែននាក់ហើយនេះមិនបានរាប់បញ្ជូនសង្ក្រានតាមសាលាខណ្ឌទាំង១៤និងនៅតាមវត្តអារាមនិងតំបន់ទេសចរផ្សេងទៀតនោះទេ។
គួររំលឹកថា«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។
ក្នុងរយះពេលបុណ្យចូលឆ្នាំខ្មែត៣ថ្ងៃនេះឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកជំទាវក៏បានចូលរួមលេងកំសាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំផងដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ក្រៅពីរៀបចំកម្មវិធីសប្បាយជូនប្រជាពលរដ្ឋ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែដឹកនាំបើកកិច្ចប្រជុំជាប់ជាប្រចាំរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។
សូមជម្រាបដែរថារដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយះពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសាដោយឡែកតំបន់ Walk Street មាត់ទន្លរមានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៌ទី១២ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញបានរៀបចំលម្អ បង្ហាញពីសោភ័ណ្ឌភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកំសាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង