ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី ស៊ី ជីនពីង មកកម្ពុជា ដែលជាទស្សនកិច្ចស្តែងឱ្យឃើញពីសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន

32

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងសុន្ទរកថាស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននេះ ស្តែងឱ្យឃើញនូវសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។ មិត្តភាពកម្ពុជា-ចិន ជាមិត្តភាពប្រវត្តិសាស្ត្រ និងយូរអង្វែង ប្រទេសយើងទាំងពីរ បានពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ដែលចាប់ផ្តើមនូវជំនាន់សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ បន្តដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងដល់រាជរដ្ឋាភិបាល បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន ឈានដល់ចំណុចខ្ពស់បំផុត ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
សម្តេចបន្ថែមថា «ប្រទេសយើងទាំងពីរកំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្មើភាព ស្មើសិទ្ធិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ចំពោះកម្ពុជា មិត្តចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ ភាពជាដៃគូកម្ពុជា ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពការពារជាតិ និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»។
សម្តេចបានបង្ហាញនូវក្តីរីករាយនឹងជួយពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីដាក់ចេញនូវទិសដៅបន្ត នៃកិច្ចសហប្រតិបត្តិការកម្ពុជា ចិន សំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង