ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រួមនឹងប្រជាពលរដ្ឋដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ នៅសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប
សៀមរាប៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមនឹងប្រជាពលរដ្ឋ ដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ នៅសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។
ពិធីដង្ហែពុទ្ធបដិមា បានរៀបចំក្បួនដង្ហែចេញពីវត្តរាជបូណ៌ ទៅកាន់សួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ក្រោមការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃចុងក្រោយនៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក។
ក្នុងការស្រង់ព្រះ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ មានទឹកជាមួយផ្កាភ្ញី និងទឹកអប់ យកមកស្រង់ព្រះពុទ្ធបដិមា ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ ក្នុងឱកាសឆ្នាំថ្មី។
ពិធីស្រង់ព្រះ ជាពិធីសាសនាដែលប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និងមានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះ ទាំងព្រះបដិមាថ្ម និងព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជំសុខដុមរមនា។
ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ទទួលបានផលានិសង្សច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅកើតក្នុងឋានទេវលោកបានសេចក្ដីសុខគ្រប់បែបយ៉ាង។
ដោយសារមានជំនឿ និងទំនៀមទម្លាប់ របស់ដូនតាយើង ដូច្នេះហើយទើបបានជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ឱ្យតែដល់ពេលចូលឆ្នាំថ្មីម្ដងៗគេតែតែងធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុកនានា៕