ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបង្វែរសំណួររឿងពន្ធ ២៤៥% ទៅឲ្យអាមេរិកឆ្លើយបញ្ជាក់, សង្កត់ធ្ងន់ពីវិធានការឆ្លើយតបគឺចាំបាច់និងស្របច្បាប់

42


ប៉េកាំង៖ក្រសួងការបរទេសចិន នៅថ្ងៃពុធ ទី១៦ ខែមេសា បានឆ្លើយតបចំពោះការអះអាងរបស់សេតវិមានដែលថា ចិនអាចប្រឈមមុខនឹងពន្ធគយរហូតដល់ ២៤៥% ដោយជំរុញឲ្យអ្នកសារព័ត៌មានសួរនាំភាគីអាមេរិកវិញចំពោះតួលេខនេះ និងបានបញ្ជាក់ជាថ្មីថា វិធានការឆ្លើយតបរបស់ចិនគឺស្របច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Global Time នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។
នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មាន អំពីការឆ្លើយតបរបស់ចិនចំពោះតួលេខពន្ធគយ ២៤៥% របស់សហរដ្ឋអមេរិក អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បាននិយាយថា៖ «អ្នកអាចយកលេខនេះទៅភាគីអាមេរិកដើម្បីរកចម្លើយ»។ លោកបានបញ្ជាក់ថា សង្គ្រាមពន្ធត្រូវបានផ្តួចផ្តើមដោយសហរដ្ឋអាមេរិក ហើយវិធានការឆ្លើយតបរបស់ចិន គឺចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងធានានូវភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ដែលជាទង្វើ «សមហេតុផល និងស្របច្បាប់ទាំងស្រុង»។
លោក Lin បានគូសបញ្ជាក់ថា ជំហររបស់ចិនតែងតែច្បាស់លាស់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធគយ និងពាណិជ្ជកម្មទេ ហើយថា «ចិនមិនមានឆន្ទៈក្នុងការប្រយុទ្ធ (សង្គ្រាមបែបនេះទេ) ប៉ុន្តែក៏មិនខ្លាចការប្រយុទ្ធដែរ»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលវិធីសាស្ត្រដាក់សម្ពាធខ្លាំង បញ្ឈប់ការគំរាមកំហែង និងបង្ខូចកេរ្តិ៍ឈ្មោះ ហើយចូលរួមសន្ទនាជាមួយភាគីចិន ដោយឈរលើមូលដ្ឋានសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើចង់ដោះស្រាយបញ្ហាពិតប្រាកដ។
គួរបញ្ជាក់ថា ការឆ្លើយតបនេះកើតឡើង បន្ទាប់ពីសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា ចិនអាចប្រឈមនឹងពន្ធគយខ្ពស់ឡើងដល់ ២៤៥% ដោយសារតែវិធានការសងសឹកផ្នែកពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ពីអត្រាពន្ធជាក់លាក់ដែលចិនកំពុងប្រឈមមុខនោះទេ៕

អត្ថបទដែលជាប់ទាក់ទង