ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងដល់ខេត្តសៀមរាប ដើម្បីយាងធ្វើជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទពិធីអបអរសាទរខួប២៥ឆ្នាំ អាយស៊ីស៊ីអង្គរ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ខេត្តសៀមរាប ប្រកបដោយព្រះរាជសុវត្ថិភាព នាវេលាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការថ្វាយព្រះរាជវន្ទនកិច្ចពីបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងព្រះរាជវង្សានុវង្ស ជាច្រើនផងដែរ ។
ការយាងដល់ខេត្តសៀមរាបរបស់ព្រះមហាក្សត្រខ្មែរ និងហ្លូងម៉ែ ក៏មានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា, មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះកងផងដែរ។
សូមជម្រាបថា ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបានបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក ដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា ដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕