CEO ក្រុមហ៊ុន Nvidia បានអញ្ញើញដល់ទីក្រុងប៉េកាំង ស្របពេលដែលសហរដ្ឋអាមេរិកចេញការរឹតបន្តឹងថ្មីលើបន្ទះឈីបបញ្ញាសិប្បនិម្មិត H20
បរទេស៖Yuyuan Tantian គឺជាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋរបស់ចិន CCTV បាន រាយការណ៍មកថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang បានទៅដល់ទីក្រុងប៉េកាំង។ ដំណើរ ទស្សនកិច្ច របស់ លោក គឺ តប តាម ការ អញ្ជើញ របស់ ក្រុមប្រឹក្សា ចិន សម្រាប់ ការ ជំរុញ ពាណិជ្ជកម្ម អន្តរជាតិ ដែល ជា អង្គការ គាំទ្រ ដោយ រដ្ឋ តំណាង ឱ្យ អ្នក នាំ ចេញ របស់ ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង និងការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកលើបន្ទះឈីប H20 របស់ Nvidia ទៅប្រទេសចិន។ ការរឹតបន្តឹងថ្មីនេះ ត្រូវបាន Nvidia រំពឹងថានឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូលរហូតដល់ ៥.៥ ពាន់លានដុល្លារឯណោះ ដែលជាការខាតបង់ដ៏ធំបំផុត។
គួរជម្រាបថា បន្ទះឈីប H20 គឺជាបន្ទះឈីប AI តែមួយគត់ដែល Nvidia អាចលក់ដោយស្របច្បាប់ទៅកាន់ប្រទេសចិនបាន។ ការហាមប្រាមរបស់សហរដ្ឋអាមេរិកលើបន្ទះឈីប H20 របស់ Nvidia ហាក់ធ្វើឱ្យអនាគតរបស់ក្រុមហ៊ុនអ៊ីនធឺណេតចិនមានភាពស្រពិចស្រពិលកាន់តែខ្លាំងឡើង ខណៈក្រុមហ៊ុនទាំងនោះរំពឹងថានឹងមានការដឹកជញ្ជូននៅចុងឆ្នាំនេះ។ បន្ទាប់ពីការប្រកាសនៃការរឹតបន្តឹងការនាំចេញបន្ទះឈីប H20 បានធ្វើឱ្យភាគហ៊ុនរបស់ Nvidia ធ្លាក់ចុះជិត ៧% ហើយអ្នកវិភាគបានព្យាករណ៍ថាអាជីវកម្មរបស់ Nvidia នៅក្នុងប្រទេសចិនអាចធ្លាក់ចុះយ៉ាងខ្លាំង ដែលអាចធ្លាក់ចុះដល់ជិតសូន្យពីប្រហែល ១០% នៃប្រាក់ចំណូលសរុបកាលពីឆ្នាំមុន។
តែយ៉ាងណា ជុំវិញព័ត៌មានលម្អិត Nvidia មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើរបៀបវារៈរបស់លោក Huang នៅក្នុងប្រទេសចិននោះទេ៕