អ៊ុយក្រែននិងរុស្ស៉ី ដោះដូរឈ្លើយសឹកសរុបជាង៥០០នាក់
ក្រុងកៀវ៖កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា អ៊ុយក្រែននិងរុស្ស៉ី បានធ្វើការដោះដូរអ្នកទោសសង្រ្គាមសរុបជាង៥០០នាក់ ដែលជាចំនួនដ៏ច្រើនមួយ គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានផ្ទុះឡើងកាលពីជាង៣ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទាហានអ៊ុយក្រែន២៧៧នាក់ ត្រូវបានដោះលែងចេញពី ការឃុំឃាំងរបស់រុស្ស៉ី ហើយត្រឡប់មកផ្ទះវិញ ខណៈក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា កងទ័ពរុស្ស៉ីចំនួន២៤៦នាក់ ត្រូវបានទីក្រុងកៀវប្រគល់ឱ្យទៅវិញ។
គួរបញ្ជាក់ថា យោងតាមលោក ហ្សេលេនស្គី បើរាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជនជាតិអ៊ុយក្រែនសរុប៤៥៥២នាក់ រួមមានទាំងកងទ័ពនិងជនស៉ីវិល ត្រូវបានទីក្រុងមូស្គូប្រគល់ឱ្យមកវិញ។ ភាគីទាំងពីរ បានអរគុណចំពោះអេមីរ៉ាតអារ៉ាប់រួម ដែលបានជួយសម្របសម្រួលនូវការដោះដូរឈ្លើយសឹក កាលពីថ្ងៃសៅរ៍៕