ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅលើផ្លូវថ្មើរជើង(Walk Street)មានសម្ដែងក្បាច់ល្បុក្កតោ, លែងល្បែងប្រជាប្រិយ៍និងនៅសល់ចំហាយពីបុណ្យចូលឆ្នាំថ្មីផងមានប្រជាពលរដ្ឋនិងប្អូនៗយុវវ័យ យ៉ាងច្រើនកកកុញ

38

ភ្នំពេញ៖កាលពីរាត្រីថ្ងៃសៅរ៍ទី១៩ មេសានៅលើផ្លូវថ្មើរជើង(Walk Street) មានរៀបចំឱ្យមានរបាំបុរាណ នារីកម្ពុជា ហើយសំរាប់រាត្រីថ្ងៃអាទិត្យវិញ មានសម្ដែងក្បាច់ល្បុក្កតោ។ បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីបុណ្យចូលឆ្នាំថ្មី នាថ្ងៃសៅរ៍ទី១៩ មេសានេះដែរ ប្រជាពលរដ្ឋនិងមានប្អូនៗយុវវ័យ បានបន្តលែងល្បែងប្រជាប្រិយ៍និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street)យ៉ាងច្រើនកកកុញផងដែរ។
នេះបើតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃអាទិត្យទី២០មេសានេះ។
លោកស្រីបន្តថា៖នៅថ្ងៃអាទិត្យនេះ ម៉ោង៧យប់មាន សម្ដែងក្បាច់ល្បុក្កតោ។ប៉ុន្តែអ្វីដែលជាការកត់សំគាល់ នៅថ្ងៃសៅរ៍នេះដែរ មានបងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យ នៅតែបន្តលែងល្បែងប្រជាប្រិយ៍របស់យើង ដូចជាលោតកៅស៊ូ លាក់កន្សែងនិងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខបរមរាជវាំងដដែល ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ។
គួររំលឹកថា៖ តាមការចង្អុលបង្ហាញពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូនិងកើនឡើងផងដែរ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

អត្ថបទដែលជាប់ទាក់ទង