ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបណ្ដាលឱ្យលោកស្នងការរងនគរបាលខេត្តឧត្តរមានជ័យម្នាក់ស្លាប់
ឧត្តរមានជ័យ៖មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ខែមេសា ឆ្នាំ ២០២៥នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យបណ្ដាលឱ្យស្នងការរងនគរបាលខេត្តឧត្តរមានជ័យម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ។
ប្រភពកន្លែងកើតហេតុ បានឱ្យដឹងថា៖ជនរងគ្រោះបើករថយន្តម៉ាកតូយូតាអាល់ហ្វាតព័ត៌ខ្មៅឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភ័ន្ធ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។
មុនកើតហេតុអ្នកបើករថយន្តម៉ាកតូយូតាអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D.6675 បើកបរក្នុងល្បឿនលឿនថែមទាំងពុំបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តម៉ាកតូយូតា តាក់កូម៉ាពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវទៅផ្នែកខាងក្រោយយ៉ាងខ្លាំង។
ករណីនេះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុដ៏ជាក់លាក់នៃគ្រោះថ្នាក់នេះដោយសារគ្រោះថ្នាក់ពិតជាមើលមិនឃើញមែន ៕