ក្រសួងព័ត៌មាន៖ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីរាជការស៉ីវិលដើម្បីគ្រប់គ្រងទិន្នន័យ ស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់
ភ្នំពេញ៖ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញបើកការចុះធ្វើជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការ អគ្គនាយកទាំង៥ អគ្គនាយករង ទទួលបន្ទុកកិច្ចការងារធនធានមនុស្ស ប្រធាននាយកដ្ឋាន និងប្រធានមន្ទីររាជធានីខេត្តទាំង២៥។
នាឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងព័ត៌មាននេត្រ ភក្ត្រា បានលើកឡើងថា ការធ្វើជំរឿនមន្ត្រីរាជការនៃក្រសួងព័ត៌មាននេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ដូច្នេះ ការចុះធ្វើជំរឿននេះ ដើម្បបីអាចពង្រាយមន្ត្រីបំពេញការងារឱ្យត្រូវនាញច្បាស់លាស់ និងអាចធ្វើការវាយតម្លៃបានពីគុណភាពធនធានមនុស្សនៅក្នុងវិស័យព័ត៌មានប្រកបដោយគុណភាពលើការងារសមរភូមិសតិអារម្មណ៍។
ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ហើយតាមរយៈការធ្វើជំរឿនម ន្ត្រីនេះ គឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន សរសេរព័ត៌មានមានគុណភាព ប្រសិទ្ធភាព រហ័ស ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងការងារគ្រប់គ្រងព័ត៌មានជាដើម។
លោកស្រី ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការរៀបចំចុះធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើឡើងស្របតាម វិធានការគន្លឹះ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងស្របតាមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រី ក្នុងការគ្រប់គ្រង ទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យបានច្បាស់លាស់ គឺតម្រូវឱ្យពិនិត្យឡើងវិញលើកម្រិតសិក្សា ជំនាញវិជ្ជាជីវៈធៀបនឹងការងារដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាព និងរៀបចំពង្រាយ មន្ត្រីរាជការឱ្យទៅបម្រើការងារឱ្យចំគោលដៅ និងចំណេះជំនាញរបស់ខ្លួន ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើប្រក្រតីភាពនៃការស្នើដំឡើងឋានន្តរស័ក្តិ និងថ្នាក់មេដាយ និងគ្រឿងឥស្សរិយយស ជាដើម ដើម្បីធានាឱ្យបានថាមន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត និងការទទួលស្គាល់លើស្នាដៃ និងផលិតភាពការងារព័ត៌មាន។
គួរឱ្យដឹងថា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យរៀបចំធ្វើជំរឿនមន្ត្រី ដើម្បីងាយស្រួលគ្រប់គ្រង ពិសេសការផ្ទេរមន្ត្រីពីកន្លែងមួយទៅកន្លែងមួយទៀត។ ការបញ្ជាបែបនេះ ក៏ដោយសារសម្ដេច សង្កេតឃើញ មន្ត្រីខ្លះធ្វើការនៅស្ថាប័នផ្សេង ឯឈ្មោះនៅក្នុងបញ្ជីស្ថាប័នមួយទៀត។
ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកជាបញ្ហាធំ មិនអាចចាត់ចែងការងារឱ្យមន្ត្រី ត្រូវតាមតម្រូវការស្ថានភាពជាក់ឡើយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងដូច្នេះ៖ «សុំឱ្យធ្វើការជំនឿមន្រ្តី ហើយត្រូវរៀបចំប្រព័ន្ធ ឌីជីថលឱ្យច្បាស់ ព្រោះឥឡូវយើងមានលំៗ បានន័យថា ដល់ខែទម្លាក់(ប្រាក់បៀវត្ស) ATM ទៅឱ្យមែន ប៉ុន្តែយើងអត់ដឹងនរណានៅទីណាទេ»។
បើយោងតាម របាយការណ៍ របស់ ក្រសួង មុខងារសាធារណៈ គិតត្រឹម ខែ មករា ឆ្នាំ ២០២៥ នៅ កម្ពុជា មាន មន្រ្តីរាជការ ស៊ីវិល បម្រើ ការងារ នៅ ថ្នាក់ជាតិ និងថ្នាក់ ក្រោម ជាតិ ចំនួនសរុប ២៣២,០៣៤នាក់។ ក្នុងចំណោម មន្រ្តី រាជការស៊ីវិលជាង ២៣ម៉ឺននាក់នេះ មាន មន្រ្តី នៅថ្នាក់ជាតិ ចំនួន ៥៤,៥៨៥នាក់ និង ថ្នាក់ ក្រោម ជាតិ ចំនួន ១៧៧,៤៤៩នាក់៕