ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧស្សាហកម្មដឹកជញ្ជូនពិភពលោក ចាប់ផ្តើមជ្រួលច្របល់ បន្ទាប់ពីការដាក់ចេញវិធានការពាណិជ្ជកម្មរបស់ លោក ត្រាំ

15

ក្រុងប៉ារីស៖សេចក្តីប្រកាសអំពីវិធានការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បាននាំមកនូវភាពប្រែប្រួលមិនធ្លាប់មាន សម្រាប់ឧស្សាហកម្មដឹកជញ្ជូនពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដោយតួអង្គឧស្សាហកម្មផ្ទាល់ ត្រូវត្រៀមខ្លួនជានិច្ចដើម្បីសម្របទៅនឹងពន្ធគយថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ ២០២៥។
សេដ្ឋកិច្ចពិភពលោក បានធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងនៅខែមករា ហើយដាក់ចេញនូវការដំឡើងពន្ធ។ ការថយក្រោយមួយជំហានរបស់លោក ត្រាំ បន្ទាប់ពីប្រកាសដំឡើងពន្ធ ហើយស្រាប់តែផ្អាករយៈពេល ៩០ថ្ងៃ លើកលែងតែចិននោះ បានធ្វើឱ្យខូចតុល្យភាពសេដ្ឋកិច្ចម្តងទៀត។ កត្តាកប៉ាល់ដឹកជញ្ជូនតាមសមុទ្រមានទំនិញតែពាក់កណ្តាល អត្រាទំនិញប្រែប្រួលមិនទៀង និងការប្តូរផ្លូវដឹកជញ្ជូនដែលទៅរួច ត្រូវបានកត់សម្គាល់ដោយអ្នកជំនាញខាងឧស្សាហកម្ម។
លោក Alexandre Charpentier ដែលជាអ្នកជំនាញផ្នែកដឹកជញ្ជូនមកពីក្រុមហ៊ុនប្រឹក្សាយោបល់ Roland Berger គូសបញ្ជាក់ថា «បីសប្តាហ៍មកនេះ យើងបានឃើញនូវការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្ម ហើយកប៉ាល់ជាច្រើនមានទំនិញត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ក្នុងពេលឆ្លងកាត់តំបន់អាត្លង់ទិក និងអន្តរប៉ាស៉ីហ្វិកទៅកាន់សហរដ្ឋអាមេរិក»។ តាមលោក Charpentier អំឡុងពេលនោះ អត្រាការដឹកជញ្ជូនទំនិញតាមសមុទ្របានធ្លាក់ចុះ ហើយក្រុមហ៊ុនជាច្រើនព្យាយាមរក្សាឃ្លាំងស្តុកទុករបស់ពួកគេ ជាការប្រុងប្រយ័ត្នទុកមុន។ រីឯតម្លៃក៏ចាប់ផ្តើមកើនឡើងជាថ្មី។
គួរបញ្ជាក់ថា ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញចិន មានអត្រា ១៤៥ភាគរយ គ្រាដែលរដ្ឋបាល លោក ត្រាំ គំរាមបង្កើនពន្ធរហូតដល់ ២៤៥ភាគរយលើផលិតផលមួយចំនួនទៀត ប្រសិនបើចិនបន្តចាត់វិធានការឆ្លើយតបនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង