នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ
ភ្នំពេញ៖លោកជំទាវផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅព្រលានយន្តហោះ លោកជំទាវនាយករដ្ឋមន្រ្តីថៃ ត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីពាក់ព័ន្ធមួយចំនួន។
បើតាមការប្រកាសរបស់ក្រសួងការបរទេស, អំឡុងទស្សនកិច្ចនេះ លោកជំទាវផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ លោកជំទាវនាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់ នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។
ទស្សនកិច្ចរបស់ លោកជំទាវនាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រ ទាំងពីរប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕