ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហារលើភ្ញៀវទេសចរ ក្នុងតំបន់ Kashmir សម្លាប់មនុស្ស ២៦នាក់

16

Reuters៖ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃពុធ ទី២៣ ខែមេសា ថាមនុស្សយ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស នៅពេលដែលក្រុមជនសង្ស័យជាសកម្មប្រយុទ្ធបើក ការបាញ់រះលើក្រុមភ្ញៀវទេសចរ នៅក្នុងតំបន់ Kashmir ផ្នែកគ្រប់គ្រងដោយឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារខាងលើបានកើតឡើងអំឡុងភ្ញៀវទេសចរកំពុងទស្សនាតំបន់ទេសចរណ៍ Baisaran ដែលស្ថិតនៅចម្ងាយប្រហែល ៥គីឡូម៉ែត្រពីទីក្រុងរីសត Pahalgam នៃតំបន់ Kashmir។ មិនទាន់មាន ក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ។ ប៉ុន្តែ ប៉ូលិសឥណ្ឌា បានទម្លាក់ការទទួលខុសត្រូវទៅលើក្រុមសកម្មប្រយុទ្ធដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងការគ្រប់គ្រងរបស់ ឥណ្ឌា។ បច្ចុប្បន្ន ប៉ូលិសឥណ្ឌាកំពុងតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធជាខ្មាន់កាំភ្លើងទាំងនោះ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារដោយចាត់ទុកថាជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ជាមួយ ការសន្យាថានឹងនាំខ្លួនពួកជនវាយប្រហារមកទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង