ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបញ្ជូនអវកាសយានិកក្រុមថ្មី ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន

16

ក្រុហប៉េកាំង៖នៅថ្ងៃទី២៤ ខែមេសា ចិនបានបញ្ជូនអវកាសយានិកក្រុមថ្មីទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ស្របពេលដែល ទីក្រុងប៉េកាំងបន្តបោះជំហានជាលំដាប់ឆ្ពោះទៅរកគោលដៅ នៃការនាំយកមនុស្សទៅដល់លើផ្ទៃរបស់ព្រះចន្ទ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
បេសកកម្ម Shenzhou-20 បានចេញដំណើរពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ភាគពាយព្យប្រទេសចិន តាមរយៈរ៉ុក្កែតអវកាស Long March 2F ដើម្បីនាំយកអវកាសយានិក៣រូប ឡើងទៅកាន់ស្ថានីយអវកាស Tiangong។ ក្រុមអវកាសយានិកថ្មីនេះ នឹងចំណាយពេល៦ខែ ស្នាក់នៅទីនោះ ហើយធ្វើកិច្ចការងារ ពិសោធន៍ផ្សេងៗ ដែលបម្រើជាប្រយោជន៍ដល់ គោលដៅពោរពេញដោយមហិច្ឆតា ក្នុងការនាំយកអវកាសយានិកចិន ទៅដល់លើផ្ទៃព្រះចន្ទឱ្យបាន នៅត្រឹមឆ្នាំ២០៣០ ហើយសាងសង់មូលដ្ឋានមួយនៅទីនោះ ថែមទៀត។ បេសកកម្មមុន គឺ Shenzhou-19 បានចាកចេញពីផែនដី កាលពីខែតុលា ឆ្នាំ២០២៤ ហើយនឹងឈានដល់កាលបរិច្ឆេទបញ្ចប់ នៅថ្ងៃទី២៩ ខែមេសា។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៉ី ជីនពីង ប្រទេសចិនទទួលបានវឌ្ឍនភាពជាច្រើន នៅក្នុងវិស័យអវកាស។ កម្មវិធីអវកាសរបស់ចិន ស្ថិតនៅលេខរៀងទី៣ ដែលបានបញ្ជូនមនុស្សទៅដល់ទីអវកាស ហើយក៏បានចុះចតយានរ៉ូបូតនៅលើ ឋានព្រះចន្ទ និងភពអង្គារ (Mars) ផងដែរ។ ប៉ុន្តែសមិទ្ធផលពិសេសជាងគេបង្អស់នោះ គឺស្ថានីយអវកាស Tiangong ដែលក្រុមអវកាសយានិកចិន បានឆ្លាស់វេនគ្នាស្នាក់នៅរៀងរាល់៦ខែ ចាប់តាំងពីឆ្នាំ២០២១មក៕

អត្ថបទដែលជាប់ទាក់ទង