ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Koson Groupថៃ និង សហព័ន្ធដំឡូងមីកម្ពុជាចុះកិច្ចសន្យាទទួលទិញដំឡូងមី៣០ម៉ឺនតោន និងពោតក្រហម១០ម៉ឺនតោនក្នុងមួយឆ្នាំពីកម្ពុជា

16

បាងកក៖ប្រទេសថៃ នឹងទទួលទិញដំឡូងមីចំនួន ៣០០,០០០តោន និងពោតក្រហមចំនួន ១០០,០០០តោន ក្នុងមួយឆ្នាំ ពីកម្ពុជាតាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា រវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជា ធ្វើឡើងក្នុងអំឡុងពេលដំណើរ បេសកម្មរបស់ ឯកឧត្ដម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំប្រតិភូ សហព័ន្ធដំឡូងមីកម្ពុជា ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមពីប្រតិភូកម្ពុជាចំនួន១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី និងសហការី ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន៣២រូបផងដែរ។
ក្នុងជំនួបរវាង ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃ បានពិភាក្សា យ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម រាជ រ៉ា បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ និងធ្វើអាជីកម្មនៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។
ក្នុងបេសកកម្មនេះដែរ ប្រតិភូកម្ពុជាក៏បានធ្វើដំណើរទស្សនកិច្ច រោងចក្រកែច្នៃដំឡូងមី ប្រេងដូង រោងចក្រគ្រឿងសំអាង និងរោងចក្រធ្វើជី មួយចំនួន រួមមាន៖ ១.) ក្រុមហ៊ុន Thai Eastern Group Holding Plc. ជាក្រុមហ៊ុនចែកចាយប្រេងដូងឆៅ, ២.) ក្រុមហ៊ុន Global Green Chemical Plc. ជាក្រុមហ៊ុនផលិត Bio ប្រេងម៉ាស៊ូត, ៣.) ក្រុមហ៊ុន Koson Group ជាក្រុមហ៊ុនផលិត Biomass, ៤.) ក្រុមហ៊ុន Thai Ruamjai Vegetable Oil Ltd ជាក្រុមហ៊ុនផលិតប្រេងឆារពីកន្ទក់ ៥.) ក្រុមហ៊ុន Saksiam Group ជាក្រុមហ៊ុនផលិតជី និង៦.)ក្រុមហ៊ុន Kovic Kate International (Thailand) Ltd. ជាក្រុមហ៊ុន អាហាររូបត្ថម្ភ ទឹកអប់ និងគ្រឿងសំអាងផងដែរ ដើម្បីស្វែងរកឱកាសទីផ្សារសម្រាប់ការផ្គត់ផ្គង់ផលិតផលធ្វើជាវត្ថុធាតុដើមកែច្នៃសម្រាប់ផលិតផលសម្រេច ដែលនាំចូលពីកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង