លែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទុកពេល៦ខែ ឬ១ឆ្នាំឱ្យក្រុមហ៊ុនអនុវត្ត, មហាជនគាំទ្រយ៉ាងខ្លាំងក្លាបំផុត
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹង លែង ឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង ទៀត ហើយ។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកជំទាវចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿង ស្រវឹង។
ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាម ឃាត់ ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឯកភាពរៀបចំកិច្ចប្រជុំរវាងម្ចាស់ ក្រុម៉ហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្ដល់ រង្វាន់ ទាំង អស់នាពេលវេលាសមស្របណាមួយ។
ចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ ហាក់បានផ្តល់នូវរង្វាន់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណាត់ការនេះ ធ្វើឱ្យប្រជាពលរដ្ឋមហាសែនរីករាយ ហើយប្រៀបបានជួយស្រោចស្រង់ជីវិតពលរដ្ឋខ្មែរ ដែលរងការបំផ្លាញដោយគ្រឿងស្រវឹង។
ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លាបំផុតចំពោះចំណាត់ការមួយនេះ៕