ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងរុស្ស៉ី-អ៊ុយក្រែន កាន់តែជិតសម្រេចបាន

16

ក្រុងរ៉ូម៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា រុស្ស៉ីនិងអ៊ុយក្រែន កំពុងខិតតែជិតមែនទៀតហើយ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីបេសកជនរបស់លោក បានជួបពិភាក្សាជាថ្មីម្តងទៀត ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បន្ទាប់ពីទៅដល់ទីក្រុងរ៉ូមកាលពីយប់ថ្ងៃសុក្រ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វងស៉ីស លោក ត្រាំ បានបង្ហោះសារថា រុស្ស៉ីនិងអ៊ុយក្រែន កំពុងខិតកាន់តែទៅជិតការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយ ហើយភាគីទាំងពីរនាពេលនេះ គួរតែជួបមុខគ្នាផ្ទាល់ក្នុងកម្រិតខ្ពស់ ដើម្បីសម្រេចរឿងនោះជាស្ថាពរ ខណៈចំណុចធំៗភាគច្រើន ត្រូវបានឯកភាពគ្នារួចហើយ។
យ៉ាងណាមិញ លោក ត្រាំ មិនបានផ្តល់ខ្លឹមសារលម្អិតជាងនេះទៀតទេ។ បើតាមវិមានក្រឹមឡាំង កិច្ចសន្ទនារវាងបេសកជនលោក ត្រាំ គឺលោក Steve Witkoff និងលោក ពូទីន គឺរួមមានទាំងការជជែកអំពីលទ្ធភាពនៃការចាប់ផ្តើមឡើងវិញ នូវការចរចាដោយផ្ទាល់រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ។ វិមានក្រឹមឡាំង បានបន្ថែមថា ជំនួបថ្មីចុងក្រោយនេះ បាននាំឱ្យគោលជំហរ របស់រុស្ស៉ីនិងអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន កាន់តែខិតកៀកគ្នា។
គួរបញ្ជាក់ថា រុស្ស៉ីនិងអ៊ុយក្រែន មិនបានបើកកិច្ចពិភាក្សាដោយផ្ទាល់ជុំវិញជម្លោះឡើយ ចាប់តាំងពីអំឡុងពេលប៉ុន្មានសប្តាហ៍ដំបូង នៃការផ្ទុះឡើងនូវសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ អំឡុងពេលឃោសនាបោះឆ្នោត លោក ត្រាំ ធ្លាប់បានសន្យាថា នឹងបិទបញ្ចប់សង្រ្គាមនេះទៅវិញ ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ក្រោយចូលកាន់អំណាច ប៉ុន្តែចាប់តាំងពីពេលនោះ រូបលោកបានប៉ះទង្គិចពាក្យសម្តីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបានបង្ហាញការមិនពេញចិត្ត ចំពោះសកម្មភាពរបស់លោក ពូទីន៕

អត្ថបទដែលជាប់ទាក់ទង