ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃណាមួយនឹងលួចចុះទៅលេងនៅផ្លូវថ្មើរជើង (Walk street) តាមមាត់ទន្លេម្ដង!

19

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ថ្ងៃណាមួយសម្ដេចនឹងលួចចុះទៅដើរលេង តាមផ្លូវថ្មើរជើង (Walk street) តាមមាត់ទន្លេម្ដង ហើយចំពោះការដើរលេងលើផ្លូវ Walk street នេះ សម្ដេចនឹងលួចទៅដោយមិនប្រាប់ថា នឹងអញ្ជើញទៅពេលណានោះឡើយ។
ការប្រកាសរបស់សម្ដេចមហាបវរធិបតី ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជួប សំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ប៉ុន្មានថ្ងៃមុននេះប្រទេសកម្ពុជា ទីក្រុងភ្នំពេញ បានជាប់ចំណាត់ថ្នាក់លេខ២ ខ្ញុំសូមអបអរសារទរ ការទទួលបានលេខ២នេះ បានមកពីតួអង្គរសំខាន់គឺ ផ្លូវថ្មើរជើង (Walk street) និយាយបែបនេះមិនមែនផ្ដោត តែលើផ្លូវថ្មើរជើងមួយមុខនោះទេ ជាការពិតផ្លូវថ្មើរជើងជាចំណុចមួយទាក់ទាញមួយ ប៉ុន្ដែការទាកទាញខ្លាំងមួយទៀតនោះ គឺការចូលរួមយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយេីង ដោយទទួលរាក់ទាកភ្ញៀវទេសចរណ៍យ៉ាងអស់ពីចិត្ត ចំណែកដំណើរកំសាន្ដរបស់ភ្ញៀវទេសចរ គឺប្រកបដោយសុវត្ថិភាព ពិតណាស់ទោះបីជាយ៉ាងណាក៏ដោយ ក៏អាចមាននូវន្លោះប្រហោង ខ្វះខាតណាមួយកេីតឡេីង តែយ៉ាណាយើងនឹងខិតខំបន្ថែម ដើម្បីរក្សាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ [….]»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាមោទនៈភាពមួយ មានបងប្អូនប្រជាជនខ្មែរជាច្រើន បានធ្វើដំណើរកំសាន្ដនៅផ្លូវថ្មើរជើង ក្នុងនោះក៏មានការចូលរួមផ្សព្វផ្សាយអំពីភាពវិជ្ជមាននៃនៅផ្លូវថ្មើរជើងនេះ កត្តាទាំងនេះហើយដែលផ្សព្វផ្សាយពីផលវិជ្ជមាននៃប្រទេសកម្ពុជា ដោយបានអនុវត្តន៍វិជ្ជមាន គិតវិជ្ជមាន, ប្រកាន់អកប្បកិរិយាវិជ្ជមាន, ការរាក់ទាក, ការគោរពគ្នាទៅវិញទៅមក ការផ្សព្វផ្សាយវិជ្ជមាន នេះគឺនាំឲ្យប្រទេសកម្ពុជាយើងវិជ្ជមាន […….]។
សម្តេចមហាបវរធិបតីបានបន្ថែមថា «ឥឡូវនេះខ្ញុំសួរបងប្អូនមើលថា បងប្អូនប៉ុន្មាននាក់នៅភ្នំពេញ បានធ្វើដំណើរកំសាន្ដលើផ្លូវថ្មើរជើងខ្លះ? ហើយមានបងប្អូនប៉ុន្មាននាក់មានបំណងចង់ទៅដើរលេងលើផ្លូវ Walk streetខ្លះ? ចំណែកខ្ញុំក៏មានបំណងទៅដើរលេងដែរ ប៉ុន្ដែពុំទាន់បានទៅ ហើយថ្ងៃណាមួយខ្ញុំនឹងទៅដើរលេងលើផ្លូវ Walk street ដោយមិនប្រាប់ឯកឧត្ត ឃួង ស្រែង ថានឹងទៅពេលណានោះទេ»។
គួររំលឹកថា៖ តាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះ ការលក់ដូរចំណីអាហារ ក៏មានការកើនឡើងផងដែរ។
សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅ និងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

អត្ថបទដែលជាប់ទាក់ទង