ក្រុមការងាររដ្ឋបាលរាជធានីដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីVIP នៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់
ភ្នំពេញ៖ភ្នំពេញ៖ ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញមានឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដើម្បីដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន០៣ថ្ងៃមកហើយ។
ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃដដែលនេះថា៖ ដោយទទួលបានពត៌មានអំពីស្ថានភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ថាមានបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់នោះ ទើបនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ បានដឹកទឹកស្អាតមកផ្តត់ផ្តង់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះប្រើប្រាស់ជាបណ្តោះអាសន្នសិន។
ក្រោយមានការដឹកទឹកស្អាតយកទៅចែកជូនដល់ពួកគាត់ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសការដឹកទឹកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នេះ៕