សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសមាជិកព្រឹទ្ធសភា៣រូប មកពីបក្សជំទាស់
ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យសមាជិក
ព្រឹទ្ធសភា៣រូប មកពី គណបក្សឆន្ទៈខ្មែរ ដែលជាបក្សជំទាស់នៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅវិមានព្រឹទ្ធសភាកម្ពុជា។
សមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សឆន្ទៈខ្មែររួមមាន៖ឯកឧត្ដម សុក ហាច, ឯកឧត្ដម សេង ម៉ារឌី និងឯកឧត្ដម គង់ មុនីកា។ កិច្ចសំណេះសំណាលរវាងសម្តេចតេជោ និងសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ ត្រូវបានធ្វើឡើងក្រោមបរិយាកាសដ៏ស្និទ្ធស្នាល។
ទិដ្ឋភាពនៃការជជែក និងការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលរវាងសម្តេចតេជោប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយសមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សជំទាស់នៅកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកតាមដានបញ្ហានយោបាយ និងសង្គម។ តាមរយៈទិដ្ឋភាពបែបនេះ ត្រូវបានគេពិព័ណ៌នាថា ជាទិដ្ឋភាពនៃការធ្វើនយោបាយមួយ ដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន ពោលអ្នកនយោបាយទោះមកពីបក្សផ្សេងទៀត តែអង្គុយធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួមរបស់ខ្មែរ៕