ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ
ភ្នំពេញ៖មនុញ្ញផលសុខសន្តិភាពដែលរកបានដោយលំបាកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយ សេនាធិការរបស់សម្តេច បាននាំមកនូវសមិទ្ធផលជាទីគាប់ចិត្តសម្រាប់ជាតិ និង ប្រជាជនកម្ពុជាជាហូរហែ ហើយបម្រើជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ផ្លូវជាតិចំនួន៣ខ្សែទៀត គឺផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់ សមុទ្រនាភាគនិរតីនៃប្រទេស ត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធសមិទ្ធផលជាតិដ៏មានសារៈសំខាន់ទាំង៣ខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។
ផ្លូវជាតិលេខ៤១ ៣១ និង៣៣ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅ កាន់ការងារជានាយករដ្ឋមន្ត្រី។
ផ្លូវជាតិទាំង៣ខ្សែនេះ ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏សំខាន់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ពីខេត្តភាគពា យព្យ ប្រទេស ទៅកាន់ខេត្តជាប់សមុទ្រ ភាគនិរតី។ ខាងក្រោមនេះជាព័ត៌មានពាក់ព័ន្ធការសាងសង់នៃផ្លូវជាតិ នីមួយៗ៖
ផ្លូវជាតិលេខ៣១៖ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រ មាន ចំណុច ចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និង លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មាន កម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។
គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២ក ន្លែង ផ្លូវវាងទី១ មានប្រវែង ៤,៦គីឡូម៉ែត្រ និងផ្លូវវាំងទី២ មានប្រវែង ៤គីឡូម៉ែត្រ ស្ពានថ្មីចំនួន ១កន្លែង ប្រវែងសរុប ៦០ម៉ែត្រ និងមាន ទទឹង ប្រវែង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៩០កន្លែង និងលូបណ្ដោយផ្លូវសរុបប្រវែង ៥,៧០៤ម៉ែត្រ។
ផ្លូវជាតិលេខ៣៣៖ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ មាន ចំណុច ចាប់ផ្តើមពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ ច្រក លក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែន កម្ពុជា -វៀត ណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ត្រូវ បាន ស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ និងផ្លូវបេតុង សរសៃ ដែក កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។
គម្រោងនេះ បានរួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៨២កន្លែង និងលូបណ្ដោយផ្លូវសរុប ប្រវែង ៩,២៥៨ម៉ែត្រ។
ផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មាន ចំណុច ចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៤-ខេត្ត កណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ ៣-ខេត្ត កំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេ តុង កៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។
គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់ ១កន្លែង (ស្ពានគុណគ្រូ) ប្រវែងប្រមាណ ២០០ម៉ែត្រ ព្រមទាំង ដាក់ លូ កាត់ទទឹងផ្លូវចំនួន ១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៨,២៤១ ម៉ែត្រ។
គម្រោងស្ថាបនាផ្លូវជាតិទាំង ៣ខ្សែនេះ ក៏បានរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញចរាចរណ៍បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្ដែង គឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះ មុនផែន ការកំណត់។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក។ ក្នុងនោះផ្លូវជាតិលេខ៣១ ប្រមាណ ៦០ លាន ដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារ អាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែល ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្ដាល និងតំបន់ភាគនិរតីរបស់កម្ពុជា។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ ខេត្ត តាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កំពត និងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត កណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។
ផ្លូវជាតិទាំង៣ខ្សែនេះ មានភាពប្រទាក់ក្រឡាគ្នា និងការតភ្ជាប់គ្នាយ៉ាងសំខាន់។ ក្នុងនោះផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ បានតភ្ជាប់ គ្នា ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារ ព្រំដែន អន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) រីឯផ្លូវ ជាតិលេខ ៤១ វិញ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុត រួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។
ការសាងសង់ពង្រីក និងលើកកម្រិតគុណភាពខ្សែផ្លូវទាំង ៣ខ្សែនេះឡើងវិញ បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងចក្ខុ វិស័យក្នុងការជំរុញការតភ្ជាប់របស់រាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ ឆ្នេរ សមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដែលនឹងប្រែក្លាយខេត្តក្នុងតំបន់ឆ្នេរ ឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋា រចនា សម្ព័ន្ធ ផ្លូវថ្នល់ល្អប្រសើរ និងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ពេលបច្ចុប្បន្នផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីនេះផ្លូវជាតិទាំង៣ខ្សែ ក៏បានចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិ ព្រះមុនី វង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ ជាពិសេសផ្លូវជាតិលេខ៤១ ដែលនឹងចូលរួមជួយសម្រួល និង បញ្ចៀស ការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត៕