ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្ដហោះចម្បាំងអាមេរិក F-18 ធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះចម្បាំង ចូលក្នុងសមុទ្រក្រហម

19

វ៉ាស៊ីនតោន៖យន្ដហោះចម្បាំងមួយគ្រឿងមានតម្លៃរាប់លានដុល្លាររបស់សហរដ្ឋអាមេរិក បានធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះចម្បាំង Harry S. Truman ចូលទៅក្នុងសមុទ្រក្រហម កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា នៅក្នុង ឧបទ្ទវហេតុមួយដែលបណ្ដាលឱ្យនាវិកម្នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមកងទ័ពជើងទឹកអាមេរិក ត្រាក់ទ័រមួយគ្រឿងដែលកំពុងសណ្ដោងយន្ដហោះចម្បាំង F-18 ខាងលើដែលមានតម្លៃជាង ៦៧លានដុល្លារ ក៏បានធ្លាក់ចូលក្នុងសមុទ្រក្រហមផងដែរ។ កងទ័ពជើងទឹកអាមេរិក បានគូសបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «យន្ដហោះចម្បាំង F-18 កំពុងត្រូវបានសណ្ដោងដោយត្រាក់ទ័រនៅពេលក្រុមការងារបាត់បង់ការគ្រប់គ្រងលើយន្ដហោះចម្បាំងនេះ ជាហេតុធ្វើឱ្យយន្ដហោះចម្បាំង និងត្រាក់ទ័រសណ្ដោង មួយគ្រឿងរអិលធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះចម្បាំងចូលក្នុងសមុទ្រក្រហម»។ សេចក្ដីថ្លែងការណ៍ដដែល នាវិកម្នាក់បានរងរបួសស្រាល ខណៈនាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះចម្បាំងផ្សេងទៀតនៅលើនាវាបន្តធ្វើ ស្ថិតក្នុងការធ្វើប្រតិបត្តិការជាធម្មតា ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់លម្អិតពីប្រតិបត្តិការស្រង់យន្ដហោះចម្បាំងចេញពីសមុទ្រនៅឡើយទេ។
គួរបញ្ជាក់ថា នេះជាយន្ដហោះចម្បាំង F-18 គ្រឿងទី២ នៅលើនាវាផ្ទុកយន្ដហោះចម្បាំង Harry S. Truman ដែលបានធ្លាក់ចូលក្នុងសមុទ្រក្រហម ក្នុងពេលមិនដល់៦ខែស្រួលបួលផង បន្ទាប់ពីយន្ដហោះចម្បាំងស៊េរីនេះ មួយគ្រឿងផ្សេងទៀត ត្រូវបាននាវាចម្បាំង USS Gettysburg ច្រឡំបាញ់ទម្លាក់ កាលពីចុងឆ្នាំ២០២៤ ខណៈពីឡុតទាំង២នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង