ករណីផ្ទុះអាវុធ៥គ្រាប់ ត្រូវយុវជនម្នាក់របួសបាក់ភ្លៅ ជននោះ ជាមន្ត្រីយោធា កូនលោកផ្កាយបី
ភ្នំពេញ៖ ករណីមានការផ្ទុះអាវុធដាក់គ្នារវាងសមត្ថកិច្ចប៉ូលិសស្លៀកពាក់ស៊ីវិល សមត្ថកិច្ចប៉ូលិសស្លៀកពាក់ឯកសណ្ឋាន ជាមួយនឹងក្រុមជនស៊ីវិល មានកាន់កាំភ្លើងខ្លីនោះ គឺជនដែលមានរបួសដោយគ្រាប់កាំភ្លើង គឺជាមន្ត្រីយោធា ដែលមានឪពុកពាក់ផ្កាយបី។
ក្រុមគ្រួសារជនមានរបួស នឹងដាក់ប្តឹងក្រុមប៉ូលិស ដែលបានជិះម៉ូតូដេញបាញ់លើលោកឯល ស៊ឹមសុភ័ក្ត្រ ទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡសហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតុលាការ ដើម្បីយុត្តិធម៌ ដើម្បីយកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។
ករណីប៉ូលិសខណ្ឌដង្កោ និងខណ្ឌមានជ័យ មួយក្រុមដេញបាញ់មន្ត្រីយោធានៅអង្គរក្ស និងត្រូវជាកូនឧត្តមសេនីយ៍យោធាផ្កាយបី ចំណុចម្ដុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ កំពុងតែធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក។
ជនរងគ្រោះឈ្មោះ ឯល ស៊ឹមសុភ័ក្ត្រ ជាមន្ត្រីយោធាស័ក្តិបី នៅបញ្ជាការដ្ឋានអង្គរក្ស ត្រូវប៉ូលិសបាញ់បាក់ភ្លៅខាងស្តាំ និងរបួសត្រង់ត្រគាក។ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី រួចបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
ជនរងគ្រោះបានអះអាងថា ខ្លួនមិនបានបាញ់តដៃជាមួយប៉ូលិស ដូចជាការលើកឡើងរបស់ក្រមប៉ូលិសនោះទេ។ ហើយនៅពេលបាញ់ត្រូវភ្លាម ខ្លួនចង់ប្រាប់ថា ខ្លួនក៏ជាសមត្ថកិច្ចដែរ តែគេមិនស្តាប់វ៉ៃយកៗ និងចាប់ដាក់ខ្នោះថែមទៀត។ ចំណែកកាំភ្លើងរបស់គាត់ ម៉ាកឡុក៩៨ មាន១២គ្រាប់។
កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ រហូតមកចំណុចម្ដុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានការផ្ទុះអាវុធចំនួន៥គ្រាប់ បណ្ដាលឲ្យមន្ត្រីយោធាម្នាក់រងរបួស បាញ់បាក់ភ្លៅ ដោយកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ធ្វើការដេញចាប់ជនសង្ស័យ២នាក់តាំងពី សង្កាត់ព្រៃស ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ រួមនិងបក្ខពួកមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង រួមមានម៉ាក Zoomer-X ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FB-7500 និងម៉ាក សង់សេ១២៥ បានចូលផឹកស៊ីនៅចំការស្វាយមួយកន្លែងក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រោយមកស្រាប់តែឃើញបុរសខាងលើបានដកកាំភ្លើងអាម៉េ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃើញក៏បោះដៃតាមវិទ្យុទាក់ទងទៅកាន់អធិការខណ្ឌដង្កោ ។ កងកម្លាំងនគរបាលខណ្ឌដង្កោ ដែលមានស្លៀកឯកសណ្ឋានត្រឹមត្រូវ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ គាប់ជួបក៏ប្រទះឃើញបុរសខាងលើរួមនិងបក្ខពួកសរុបគ្នា៣នាក់ ដោយម៉ូតូZoomer-X ជិះឌុបគ្នា២នាក់ និងម៉ូតូសង់សេ១២៥ ជិះម្នាក់ឯង ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ បែរជាបុរសខាងលើរួមនិងបក្ខពួកបានបន្ថែមល្បឿន ជិះម៉ូតូគេចខ្លួនតាំងពីក្នុងភូមិសាស្ត្រខណ្ឌដង្កោ ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ត្រង់ចំណុចដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយមានការសហការរវាងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ហើយពេលនោះបុរសខាងលើបានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើចំនួន៤គ្រាប់ដើម្បីគំរាមមកលើសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ចបាញ់ការពារខ្លួនវិញ ពេលនេះមិនដឹងគ្រាប់កាំភ្លើងខាងណា បានបាញ់ចំភ្លៅខាងស្តាំរបស់បុរសខាងលើ បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។
ករណីនេះ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងលោកអធិការខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីបំភ្លឺបានទេ៕