អង់គ្លេស បំបាក់ប៉ាណាម៉ា ៦-១ តែប៉ាណាម៉ា ជាប្រវត្តិសាស្រ្តឡើងមក World Cup លើកទី១ ស៊ុតចូលក្រុមតោកំណាច១គ្រាប់
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បំបាក់ក្រុម ប៉ាណាម៉ា ៦-១ ។ ប៉ុន្តែក្រុមប៉ាណាម៉ា ជាក្រុមថ្មីដែលឡើងមកលេងនៅ World Cup ជាលើកដំបូងពីតំបន់អាមេរិកខាងជើង ហើយក៏ជាប្រវត្តិសាស្រ្តរបស់ក្រុមនេះផងដែរ ដែលស៊ុតបាល់បញ្ចូលទីក្រុមអង់គ្លេសបានមួយគ្រាប់ ធ្វើអ្នកគាំទ្ររបស់ខ្លួនស្រែហ៊ោអបអរស្ទើរបែកស្តាត។
៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ World Cup 2018 ដោយឈរនៅលេខ២ ប្រចាំពូល G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។ នៅ World Cup 2018 ខ្សែប្រយុទ្ធលេខ៩ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង គឺនាទីទី២២ ដោយប៉េណាល់ទី នាទីទី៤៥+១ ដោយបាល់ប៉េណាល់ទី និងនៅនាទី៦២ ។ ចំណែកខ្សែការពារ John Stones បានរកគ្រាប់ឲ្យអង់គ្លេសនៅនាទីទី៨ និងកីឡាករខ្សែបម្រើលេខ៧ ចេសស៊ី លីងហ្គើត បានស៊ុតចូលនៅនាទីទី៣៦។ រីឯកីឡាករប៉ាណាម៉ា Felipe Baloy ពាក់លេខ២៣ ដែលទើបនឹងដូរចូលលេងនៅពាក់កណ្តាលតង់ទី២ បានជួយរកគ្រាប់ប្រវត្តិសាស្រ្ត មួយគ្រាប់នៅនាទីទី៧៨ បានធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត អង់គ្លេស៦ ប៉ាណាម៉ា ១។
ការធ្វើបានហែតទ្រីកនេះ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ នាំមុខ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក រកបាន៤គ្រាប់ដូចគ្នា៕