ប្រភេទកីឡាARNIS របស់ហ្វីលីពីននឹងបង្ហាញវត្តមាន នៅស៊ីហ្គេមលើកទី៣០
ភ្នំពេញ:ប្រភេទកីឡាប្រពៃណីមួយរបស់ហ្វីលីពីន នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០
នាឆ្នាំ២០១៩ក្នុងខណៈដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនោះ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទើបតែត្រឡប់មកពីប្រទេសហ្វីលីពីននោះ បានឲ្យដឹងថាប្រភេទកីឡាARNIS ជាប្រភេទកីឡាយុទ្ធគុនបូរាណ របស់ហ្វីលីពីនដែលគេប្រកួតដោយប្រើដំបងខ្លី គឺវាស្រដៀងគ្នាជាមួយក្បាច់គុនល្បុក្កតោរបស់កម្ពុជាដែរ ។
គណៈកម្មការស៊ីហ្កេមបានសម្រេចដាក់បញ្ចូលប្រភេទកីឡា ARNIS នេះសម្រាប់ស៊ីហ្គេម២០១៩ហើយ ។
ជាមួយគ្នានេះកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីល្បុក្កតោ ទៅហ្វឹកហាត់និងស្វែងពីបទបញ្ជាប្រកួតកីឡានេះ នៅប្រទេសហ្វីលីពីនព្រោះ កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួម ប្រកួតប្រភេទកីឡានេះនៅស៊ីហ្គេម ។
ជាមួយនឹងការត្រៀមបែបនេះលោកអគ្គលេខាធិការកំពុងតែ សម្លឹងទៅមើលប្រភេទកីឡាមួយចំនួនដែលមាន
សក្ដានុពលតែកន្លងមកមិនទាន់ដណ្ដើមបាន មេដាយនោះឲ្យទៅហ្វឹកហាត់នៅក្រៅប្រទេស ។
ស៊ីហ្គេមឆ្នាំ២០១៩ និង២០២១គឺជាយុទ្ធសាស្រ្តដ៏សំខាន់ សម្រាប់ឆ្នាំ២០២៣ក្នុងខណៈដែលកម្ពុជាត្រៀមធ្វើជា
ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។