ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងចូលរួមព្រះរាជពិធីសង្ឃទានឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកបណ្ឌិត Beat Richner នៅខេត្តសៀមរាប
សៀមរាប៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងចូលរួម ព្រះរាជពិធីសង្ឃ ទានឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត Beat Richner គឺជាវីរបុរសជួយ សង្គ្រោះកុមារកម្ពុជានៅចេតិយ របស់លោក នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ស្តេចយាងចូលរួមព្រះរាជពិធីសង្ឃទានឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកបណ្ឌិត Beat Richner នៅចេតិយរបស់លោក ដែលស្ថិតនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប។ បន្ទាប់ពីអដ្ឋិធាតុលោក វេជ្ជបណ្ឌិតត្រូវបានដង្ហែពីប្រទេសស្វ៊ីសមកតម្កល់ទុកនៅចេតិយនៅមន្ទីរ ពេទ្យគន្ធបុប្ផាខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបបានឱ្យដឹងថា ចាប់ពីថ្ងៃនេះទៅប្រជាពលរដ្ឋទាំងអស់ដែល ដឹងគុណចំពោះលោកបណ្ឌិត Beat Richner ដែលកន្លងមកលោកបាន លះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ កម្ពុជារាប់ម៉ឺននោះ អាចមកអុចធូបនៅចេតិយរបស់បានដោយសេរី។
លោកបានបញ្ជាក់ថា នៅពេលអដ្ឋិធាតុលោកវេជ្ជបណ្ឌិតត្រូវបានយកមកតម្កល់ទុក នៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនេះ គឺព្រលឹងរបស់លោកនៅនឹង តែតាមថែរក្សាកុមារកម្ពុជា និងជាកម្លាំងចិត្តធ្វើឱ្យបុគ្គលិកពេទ្យទាំងអស់ នៅតែធ្វើការងារ របស់ខ្លួនបានយ៉ាងសកម្មដូចមុនដែរ។ លោកបានបន្តថា បើទោះបីពេលនេះ អត់មានរូប លោកបណ្ឌិត Beat Richner ប៉ុន្តែព្រលឹងរបស់នៅតែមកនៅថែរក្សាកុមារកម្ពុជា ជាពិសេស មូលនិធិដែលជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺនៅតែមានដំណើរការទាំងអស់ទាំងមូលនិធិពីប្រទេសស្វ៊ីស និងមូលនិធិនៅកម្ពុជា ជាពិសេសការជួយឧតមត្ថម្ភ របស់ប្រជាពលរដ្ឋខ្មែរឥឡូវនេះ គឺមានការផុសផុលជាងមុនច្រើន។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាបុគ្គលដ៏អស្ចារ្យម្នាក់ ដែល ប្រជាជនកម្ពុជាភាគច្រើនបានទទួលស្គាល់ និងចាត់ទុកជាវីរបុរសជួយ សង្គ្រោះកុមារកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នំា ហើយលោកបានទទួលមរណភាពដោយ សារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurichនៃប្រទេសស៊្វីស កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៨នេះ។ បច្ចុប្បន្ននេះអដ្ឋិធាតុលោកវេជ្ជបណ្ឌិតត្រូវបានយកមកតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប៕