លោក ឌី រ័ត្នខេមរុណ នាំយកអំណោយមនុស្សធម៌អនុសាខាផ្តល់ជូន គ្រួសារ លោកតា សៅ ចន ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យ
ភ្នំពេញ ៖ នៅវេលាម៉ោង ១៤:៣០ នាទីរសៀលថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្ដល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ជូនទៅគ្រួសារ លោកតា សៅ ចន អាយុ៦៧ ឆ្នាំ ។
លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលជួបការលំបាក ពោល គឺកន្លែងណាមានទុក្ខលំបាក កន្លែងនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលទទួលបានរួមមាន:អង្ករ ២បាវ មី ៣កេស ទឹកបរិសុទ្ធ៦យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ នឹងសំភារៈផ្ទះបាយ មួយចំនួនធំ រួមទាំងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ពី ករណីអគ្គីភយ័ ជាក់ស្ដែងដូចករណី លោកតា សៅ ចន មិនត្រឹមតែវិនាសអន្តរាយផ្ទះសំបែងទេ ថែមទាំងបាត់បងអាយុជីវិតទៀតផង មិនខុសពាក្យស្លោក មួយឃ្លាពោលថា “ស៊ូ លិចទូកកណ្តាលទន្លេ ប្រសើជាងភ្លើងឆេះផ្ទះ “។