ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួនជាង ៣តោន ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល

83


បាត់ដំបង៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ព្រះរាជអាជ្ញាខេត្ត និងអាជ្ញាធរដែនដី ដោយមានការចូលរួមពី លោក ហឿង សុគន្ធ អភិបាលរងខេត្ត បានធ្វើការដុតកម្ទេចចោល នូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៣. ២២៨ គីឡូក្រាម នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តបាត់ដំបង ក្នុងរយ:ពេលកន្លងមក។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេលកន្លងមកមន្រ្តីជំនាញ បានដើរចុះត្រួតពិនិត្យនៅតាមផ្សារនានា ច្រកទ្វារព្រំដែន ក្នុងដែនដីខេត្តបាត់ដំបង បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដោយបានរឹបអូសយកមករក្សាទុកនៅសាខាខេត្តរងចាំការសម្រេចឱ្យដុតកម្ទេចចោល។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ទន្ទឹមនឹងរក្សាទុកទំនិញខូចគុណភាពជាង៣តោនកន្លងមកនេះ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារធំបាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ និងបានដកយកគំរូចំនួន៦៧គំរូ រួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតត្រី ឈាមមាន់ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ គ្រឿងសមុទ្រ លតខៀវ លតស្វិត និងបាញ់ឌុក ដើម្បីធ្វើតេស្ត ស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញវត្តមានសារធាតុបូរ៉ាក់ដាក់ក្នុងនំបាញ់ឌុកចំនួន២គីឡូក្រាម, លតស្វិតចំនួន៣គីឡូក្រាម។

ក្នុងពេលត្រួតពិនិត្យនោះដែរ មន្ត្រីជំនាញ ក៏បានដកហូតនំបាញ់ឌុក និងលតស្វិតចំនួន៥គីឡូក្រាម យកមកនិងណែនាំដល់អាជីវករ អ្នកលក់ដូរឱ្យបានយល់ដឹងពីរបៀប នៃការជ្រើសរើសផលិតផលដែលមានសុវត្ថិភាពយកមកលក់ ក៏ដូចជាយកមកបរិភោគផងដែរ៕

អត្ថបទដែលជាប់ទាក់ទង