ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេសហជីព៦នាក់ អវត្តមានក្នុងសវនាការ

71

ភ្នំពេញ៖  សវនការជំនុំជម្រះ លើជនត្រូវចោទទាំង៦នាក់ ជាមេដឹកនាំក្រុមសហជីព នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក ប៉ុន្តែអវត្តមានជនត្រូវចោទទាំង៦នាក់ ដែលត្រូវតុលាការកោះហៅ ឱ្យចូលខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ។ នៅក្នុងសាលសវនាការ គេសង្កេតឃើញមានវត្តមាន ក្រុមមេធាវីរបស់ជនត្រូវចោទចំនួន៥នាក់ ប៉ុន្តែអវត្តមានដើមបណ្តឹងភាគច្រើន និងអវត្តមាន មេធាវីរបស់ដើមបណ្តឹង និងដើមបណ្តឹងមួយចំនួន។

មេសហជីព ចំនួន៦រូប រួមមាន លោក អាត់ ធន់, លោកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ត្រូវបានតុលាការកោះហៅឱ្យចូល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនការជំនុំជម្រុះលើសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានសន្ថានទម្ងន់ទោស, បទធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុច មុខសួនឧស្សាហកម្មកាណាឌីយ៉ាល់ កាលពីឆ្នាំ២០១៣-២០១៤។

ចៅក្រមជំនុំជម្រះនៃអង្គសវនាការ លោក អ៊ឹម វណ្ណ: បានប្រកាសដំណើរការជំនុំជម្រះ ដោយសំអាងហេតុ និងយល់ស្រប ពីតំណាងអយ្យការលោក លី សុផាណា និងការយល់ព្រមពីក្រុមមេធាវី ជនត្រូវចោទទាំង៦នាក់ ដោយមូលដូចគ្នាថា ដីការកោះ បានធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់ ហើយជនត្រូវចោទ ប្ញមេធាវីបានទទួលគ្រប់ៗគ្នា និងជនត្រូវចោទទាំងអស់នោះ ក៏ធ្លាប់មានកំណត់ហេតុ សួរយកចម្លើយគ្រប់គ្នា រួចរាល់ហើយដែរ នៅដំណាក់ចំណាត់ការនីតិវិធី កន្លងមក ដូចច្នេះ អង្គសវនាការ ប្រព្រឹត្តទៅបាន៕

អត្ថបទដែលជាប់ទាក់ទង