ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានរដ្ឋវៀតណាម

85


នៅរសៀលថ្ងៃទី ៧ ធ្នូ នេះ បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាគមមិត្តភាពកម្ពុជាវៀតណាមរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯឧ ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម នៅទីក្រុងហាណូយ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានជំរាបលោកប្រធានរដ្ឋសារជាថ្មីឡើងវិញអំពីលទ្ធផលនៃកិច្ចពិភាក្សារវាង សម្តេច និង ឯឧ ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកមិញដែលទទួលបានលទ្ឋផលវិជ្ជមាន។ លោកប្រធានរដ្ឋវៀតណាម បានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម និងកម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាប្រទេសជិតខាង ហើយធ្លាប់ប្រកៀកស្មាគ្នាតស៊ូជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត ប្រកបដោយការទុកចិត្តគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះដែរ លោកប្រធានរដ្ឋវៀតណាម ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ តាមរយៈសម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកប្រធានរដ្ឋរីករាយ នឹងរង់ចាំទទួលព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។ ជាមួយនេះ លោកប្រធានរដ្ឋ ក៏បានអបអរសាទរជាថ្មីម្តងទៀត ចំពោះជោគជ័យគណបក្សប្រជាជនកម្ពុជា ដែល សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសារជាថ្មីសម្រាប់អាណត្តិទី៦។

សម្តេចតេជោ ហ៊ុន សែន បានជូនពរ លោកប្រធានរដ្ឋដែលត្រូវបានជ្រើសរើសជាប្រធានរដ្ឋវៀតណាមកាលពីពេលថ្មីៗកន្លងមកនេះ និងជូនពរអោយ ឯឧប្រធានរដ្ឋទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង