ជនជាតិចិនបើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវបាក់អស់បីកង់ មិនព្រមឈប់បើករត់រហូតមកបុកបង្គោលភ្លើង បណ្ដាលឲ្យរថយន្តដាច់កង់ទៅមុខលែងរួច
ភ្នំពេញ ៖ ជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់អស់បីកង់ ហើយបើករត់ទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរថយន្តដាច់កង់ទៅមុខលែងរួច កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ក្រុងភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Ford Ranger ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW-9696 បើកបរដោយជនជាតិចិន បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ជិតនឹងក្រសួងកិច្ចការនារី ស្រាប់តែរថយន្តខាងលើបានបើកបុកទ្រូងផ្លូវបាក់អស់ចំនួនបីកង់ ហើយមិនព្រមឈប់ បើករត់គេចរហូតមកដល់ចំណុចផ្លូវ៣៧១ មុខផ្ទះលេខ៤៨ ស្រាប់តែរថយន្តខាងលើបានបុកចំបង្គោលភ្លើងពេញមួយទំហឹង បណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខ ទៅមុខលែងរួច។ ភ្លាមៗនោះដែរអ្នកបើកបររថយន្តបង្កខាងលើ បានរត់គេចខ្លួនបាត់ស្រមោល តែម្តងដោយបន្សល់ទុកតែរថយន្ត ដែលរងការខូចខាតនៅនឹងកន្លែងតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមក ដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕