ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ៥មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ៧៥%ហើយ វា នឹងកាត់បន្ថយទឹកលិចនៅតំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ
ភ្នំពេញ៖ ស្ថានីយបូមទឹកលូ៥ គឺជាស្ថានីយបូមទឹកថ្មីមួយទៀតក្នុងចំណោយស្ថានីយជាច្រើនទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាឡើង ដើម្បីបូមទឹករំដោះការលិចលង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហើយមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ៧៥%ហើយ វា នឹងកាត់បន្ថយទឹកលិចនៅតំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ ។
នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានី
កាលពីល្ងាចថ្ងៃទី២៤ធ្នូ ២០១៨នេះ ។
គួរបញ្ជាក់ថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនាពេលកន្លងមកបានជម្រុញអោយក្រុមការងារស្ថាបនាស្ថានីយបូមទឹកលូ៥នេះ អោយបានលឿនទៅតាមគម្រោង ដើម្បីបូមទឹករំដោះការលិចលង់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទ្រា សាលាបឋមសិក្សាស ឡា។
គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាស្ថានីយបូមទឹកលូ៥ ត្រូវបានបើកការដ្ឋានស្ថាបនាកាលថ្ងៃទី១៦ មីនាឆ្នាំ២០១៨ក្រោមវត្តមានលោក ឃួង ស្រេង អភិបារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។
ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។
គួរបញ្ជាក់ទៀតថា ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក៤គ្រឿង ក្នុងនោះ បំពង់មុខកាត់៨តឹក២គ្រឿងនិងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនិង
២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង៕