រឿងបាត់សិលាចារឹកចំនួន១ផ្ទាំងនៅ វត្តគីរីស្តេចគង់ អាជ្ញាធរមានសមត្ថកិច្ចកំពុងសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធ
ភ្នំពេញ៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៨ខែធ្នូនេះ បានរបាយការណ៍ នៃការចុះយកសិលាចារឹកចំនួន១ផ្ទាំងនៅ វត្តគីរីស្តេចគង់ ភូមិត្រពាំងខ្ទុំ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺមកថែរក្សាទុកក្នុងសារមនី្ទរជាតិភ្នំពេញ។
របាយការណ៍ដដែលបង្ហាញថា ដោយមិនទទួលបានកិច្ចសហការពីព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តគីរីស្តេចគង់ឡើយ ហេតុដូច្នេះហើយក្រុមសមត្ថកិច្ចចម្រុះយើងក៏បានសម្រេចបញ្ឈប់ ហើយ បាននិងកំពុងមានចំណាត់ការយ៉ាងសកម្ម ជាមួយសមាសភាពក្នុងគណៈកម្មាធិការចម្រុះ ដើម្បីសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធ។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ”
ព្រឹកថ្ងៃទី ០៧ ធ្នូ ២០១៨ វេលាម៉ោង ៩:០០នាទី លោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសហការី បានចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយលោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ និងលោក ហេង កំសាន្ត ប្រធាននាយកដ្ឋានបុរាណវត្ថុ ព្រមទាំងមានការចូលរួមពីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ស្ពឺ មន្ទីរធម្មការខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចុះដល់ទីតាំងវត្តគីរីស្តេចគង់ ភូមិត្រពាំងខ្ទុំ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អនុវត្តតាមសំណើលេខ ៧០៥ ស.ណ ចុះថ្ងៃទី ០៣ ធ្នូ ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលរួមយកសិលាចារឹកចំនួន០១ផ្ទាំង មកថែរក្សាទុកក្នុងសារមនី្ទរជាតិភ្នំពេញ។ ខណៈពេលចុះអនុវត្តការងារ សមត្ថកិច្ចចម្រុះយើងមិនបានឃើញសិលាចារឹកនៅទីតាំងនោះទេ ហើយមិនទទួលបានកិច្ចសហការពីព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តគីរីស្តេចគង់ឡើយ ហេតុដូច្នេះហើយក្រុមសមត្ថកិច្ចចម្រុះយើងក៏បានសម្រេចបញ្ឈប់នូវការអនុវត្តតាមគោលការណ៍ខាងលើ នៅវេលាម៉ោង ១០:៤០នាទីព្រឹកថ្ងៃដដែល។ ជុំវិញបញ្ហានេះ លោកប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បាននិងកំពុងមានចំណាត់ការយ៉ាងសកម្ម ជាមួយសមាសភាពក្នុងគណកម្មាធិការចម្រុះ ដើម្បីសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធ”។
លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សិលាចារឹកមួយផ្ទាំង ដែលរកឃើញក្នុងវត្តគិរីស្តេចគង់ ដោយចារឹកអក្សមួយឃ្លាថា “សុវណ្ណភូមិ” ដែលជាសម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃ សម្រាប់ការស្រាវជ្រាវជាប្រវត្តិសាស្រ្ត សម្រាប់ជាតិទាំងមូល បានបាត់ដោយមិនដឹងមូលហេតុ។ នេះជាលើកទី៣ហើយ ដែលក្រុមការងារ បានចុះមកដកហូត យកផ្ទាំងសិលាដ៏កម្រនេះ ប៉ុន្តែព្រះចៅអធិការវត្តគិរីស្តេចគង់ បានកែនបងប្អូនប្រជាពលរដ្ឋ មករារាំងមិនឲ្យក្រុមការងារ នាំយកវត្ថុមានតម្លៃនេះ ទៅរក្សាទុកក្នុងសារមន្ទីរជាតិបានឡើយ តែនៅថ្ងៃទី៧ធ្នូនេះ កម្លាំងចម្រុះបានឆែកឆេររកវត្ថុ មានតម្លៃរបស់ជាតិខ្មែរនេះ មិនឃើញ ដោយត្រូវព្រះចៅអធិការរំដោះចេញ ពីកន្លែងរក្សាទុកទៅបាត់ ហើយព្រះចៅអធិការអង្គនោះ បានរត់គេចព្រះកាយ ដោយមិនព្រមប្រគល់ផ្ទាំងសិលានោះ មកសមត្ថកិច្ចដាច់ខាត។
ជាមួយហេតុការណ៍នេះ លោកយាយ លោកតា ដែលរស់នៅក្បែរៗវត្ត បានមកតវ៉ាជាមួយសមត្ថកិច្ច ហាក់បីដូចជា មានការចាត់តាំង ច្បាស់លាស់ ពីព្រះចៅអធិការវត្ត ដោយបានទូងស្គរ ប្រកូកប្រកាសដើម្បីតវ៉ា មិនព្រមប្រគល់វត្ថុមានតម្លៃ ដាក់ក្នុងសារមន្ទីរជាតិ។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានមានពន្យល់ដល់ប្រជាពលរដ្ឋ ដែលមកតវ៉ានោះថា សិលាចារឹកដ៏មានតម្លៃ សម្រាប់ជាតិមួយផ្ទាំងនេះ ចាំបាច់ត្រូវការថែរក្សាពីមន្ត្រីជំនាញបេតិកភណ្ឌ និងមានកន្លែងទុកដាក់ថែទាំត្រឹមត្រូវ ពីសារមន្ទីរជាតិ មិនអាចអាចធ្វេសប្រហែសបាននោះ។ លោកថា នេះជាសម្បត្តិវប្បធម៌ជាតិដ៏កម្រ និងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។
លោកអភិបាលរង បានថ្លែងថា “បើផ្ទាំងសិលាដ៏មានតម្លៃនេះ ពិតជាបានបាត់ អ្នកទទួលខុសត្រូវនឹងទទួលទោស តាមច្បាប់កំណត់ ពីព្រោះវត្ថុដ៏មានសម្រាប់មនុស្សជាតិ ត្រូវការចាំបាច់ថែរក្សាកូនខ្មែរ ជំនាន់ក្រោយបានស្វែងយល់” ។
ក្រុមការងារ ការពារបេតិកភណ្ឌ គឺត្រូវតែយកមកថែរក្សា និងសិក្សាពីសិលាចាររឹកដ៏មានតម្លៃនេះ មកតាំងក្នុងសារមន្ទីរជាតិ ឲ្យបានគង់វង្ស មិនប្រកាន់ថា ជារបស់នរណាម្នាក់ឡើយ គឺជាសម្បត្តិវប្បធម៌តែមួយរបស់ខ្មែរ តែត្រូវបរាជ័យជាលើកទី៣ ដោយទង្វើ និងចេតនារំដោះ ពីសំណាក់ព្រះចៅអធិការវត្តនេះ ហើយចុងក្រោយបានបាត់ចេញ ពីកន្លែងថែរក្សាទុកថែមទៀត៕