រដ្ឋបាលរាជធានីផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាលលើវិស័យទេសចរណ៍តាមយន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញ
ភ្នំពេញ៖ ពិធីផ្សព្វផ្សាយ ស្ដីពីការផ្ដល់សេវារដ្ឋបាលលើវិស័យទេសចរណ៍តាមយន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញដល់បងប្អូនជាម្ចាស់ ជាអ្នកគ្រប់គ្រងអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នោសាលារាជធានីភ្នំពេញក្រោមអធិបតីភាព លោក ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា លោកស្រី មួក យុវល័ក្ខ ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា សហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកំសាន្ត ខារ៉ាអូខេ ម៉ាស្សា ប្រមាណ ៥០០នាក់ ។
លោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា គោលបំណងដែលអញ្ជើញបងប្អូន មកថ្ងៃនេះគឺក្នុងគោលបំណងប្រាប់បងប្អូនថា នៅរាជធានីភ្នំពេញមានច្រក ចេញចូលតែមួយ ដូច្នេះសូមបងប្អូនមកសុំអាជ្ញាប័ណ្ណ ដោយមិនបាច់ទៅរកច្រើនកន្លែងទេ គឺមាននៅអង្គភាពច្រក ចេញចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញ ដែលជាកន្លែងប្រមូលផ្តុំនៃការផ្តល់អាជ្ញាប័ណ្ណជូនបងប្អូនហើយ ក្នុងនោះសម្រាប់វិស័យទេសចរណ៍ដែលបងប្អូនយើងត្រូវមកទទួលសេវាពីច្រចេញចូលតែមួយ រួមមាន អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់សណ្ឋាគារនិងសេវាកម្មស្នាក់នៅ អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់ការ៉ាអូខេ អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹក(មិនមែនជាលក្ខណៈក្រុមហ៊ុន អាជ្ញាប័ណ្ណទេសចរណ៍ សម្រាប់កីឡាទេសចរណ៍ ជាដើម។
លោកហួត ហៃ បានបន្តទៀតថា សម្រាប់សេវានៃលទ្ធផលប្រគល់ជូនទៅបងប្អូនវិញគឺមានកំណត់ពេលច្បាស់លាស់ ហើយតម្លៃក៏បានកំណត់យ៉ាងច្បាស់នៅក្នុងតារាងរួចជាស្រេច ។ដូច្នេះទេសម្រាប់បងប្អូនយើងណាមិនទាន់មានអាជ្ញាប័ណ្ណទេសចរណ៍ទេ សូមអញ្ជើញមកសុំច្បាប់អាជីវកម្ម ដើម្បីអោយអាជីវកម្មរបស់បងប្អូនមានភាពស្របច្បាប់ ហើយចំពោះអ្នកមានអាជ្ញាប័ណ្ណហើយ តែហួសសុពលភាពក៏ត្រូវមកបន្តសុពលភាពដែរ។
លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានលើកឡើងថា បើតាមច្បាប់ធម្មជាតិ មនុស្សយើង ត្រូវហូបចុក បត់ជើងតូ បត់ជើងធំ បើមិនមានបញ្ងាអ្វីមួយ ពោលគឹហូបហើយមិនជុះទេ គឺមានបញ្ហាសុខភាព មិនមានក្តីសុខទេ យ៉ាងណាម៉ិញ សម្រាប់បងប្អូនរកស៊ីលើវិស័យទេសចរណ៍ ដូចជាបើកសណ្ឋាគារនិងសេវាកម្មស្នាក់នៅ ការ៉ាអូខេ ដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹក កីឡាទេសចរណ៍ ជាដើមនេះ បើមិនមានច្បាប់ទេ មិនស្រណុកក្នុងខ្លួននោះទេ គឺជួបនូវការភ័យខ្លាចជានិច្ច ដូច្នេះទេ សូមបងប្អូនទាំងអស់អញ្ជើញមកសុំច្បាប់អាជីវកម្ម ដើម្បីអោយអាជីវកម្មរបស់បងប្អូនមានភាពស្របច្បាប់ ហើយចំពោះអ្នកមានអាជ្ញាប័ណ្ណហើយ តែហួសសុពលភាពក៏ត្រូវមកបន្តសុពលភាពដែរ។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវកានូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្នុងស្រុក/ខណ្ឌ ក្រុង, គោលដៅចំនួន៤០រួចហើយ ការិយាល័យនេះនឹងត្រូវពង្រីកនៅតាមខណ្ឌ និងស្រុកគោលដៅផ្សេងៗទៀត ដើម្បីផ្តល់សេវាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។ សម្រាប់ ការិយាល័យច្រកចេញចូលតែមួយ រាជធានីភ្នំពេញបានដាក់ឲ្យដំណើរជាផ្លូវ កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែកក្កដាឆ្នាំ២០១៨កន្លងមកនេះ៕