បានចាប់ឃាត់រទេះដឹក អណ្តាតជ្រូក ក្រលៀនជ្រូក ពោះវៀនជ្រូក បេះដូងជ្រូក និងក្រពះជ្រូក ដែលពុំមានអនាម័យ និង លិខិតអនុញ្ញាតត្រឹមត្រូវ មានទម្ងន់សរុប ១ ៥០០ គីឡូក្រាម
បន្ទាយមានជ័យ៖ នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៩:៣០ ស្នាក់ការកាំកុងត្រូលប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយមន្រ្តីគយ បានចាប់ឃាត់រទេះដឹក អណ្តាតជ្រូក ក្រលៀនជ្រូក ពោះវៀនជ្រូក បេះដូងជ្រូក និងក្រពះជ្រូក ដែលពុំមានអនាម័យ និង លិខិតអនុញ្ញាតត្រឹមត្រូវ មានទម្ងន់សរុប ១ ៥០០ គីឡូក្រាម។
ចំណែកម្ចាស់ទំនិញ និងអ្នកអូសរទេះបានរត់គេចខ្លួនក្នុងអំឡុងពេលឆែកឆេរ។ ដោយសារគ្រឿងក្នុងសត្វទាំងអស់នេះមិនអនុលោមតាមលក្ខខណ្ឌបច្ចេកទេស និងគុណភាព មិនមានភាពសមស្របអាចឲ្យមនុស្សបរិភោគបាន (យោងច្បាប់ស្តីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា) ។
ក្រោយចាប់ឃាត់ទុក និងធ្វើកំណត់ហេតុយកទៅបំផ្លាញចោលរួចមក ដោយមើលឃើញថាមិនមានដីសម្រាប់ជីកកប់ ឬដុតកម្ទេចចោលគ្រឿងក្នុងសត្វដែលបានចាប់ឃាត់ទុកនោះ ក្រុមការងារយើងដែលជាមន្រ្តីជំនាញបានសម្រេចយកផលិតផលខាងលើទាំងអស់ទៅធ្វើជាចំណីក្រពើ នៅអាងក្រពើ តាម៉ាប់ ស្ថិតក្នុងភូមិ ចាន់គិរី ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕