ចាប់បកស្បង់ មនុស្ស៥នាក់ ក្លែងភេទធ្វើជាសង្ឃ ដេក ផ្ទះសំណាក់ ដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ពីពុទ្ធបរិស័ទ ទៅ ទិញគ្រឿងញៀន
ព្រះសីហនុ៖-ជនក្លែងភេទធ្វើជាសង្ឃ ចំនួន៥នាក់ រួមទាំងវត្ថុតាង ពាក់ព័ន្ធនឹងការសេពគ្រឿងញៀន មួយចំនួនត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក កាលពីល្ងាចថ្ងៃទី៨ធ្នូ២០១៨ ក្រោយពេល នាំគ្នាស្នាក់នៅផ្ទះសំណាក់ ហ្វីលីតា ស្ថិតក្នុងភូមិអូរតាប៉ាង អូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ឯក ហួរ យ៉ៃអធិការនគរបាលស្រុកព្រៃនប់អោយដឹងថា ក្រោយពីបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ខាងលើ កម្លាំងនគរបាលស្រុក បានចុះទៅដល់ទីតាំងផ្ទាល់ ដោយត្រួតពិនិត្យជាក់ស្តែង ដល់ក្នុងបន្ទប់ផ្ទះសំណាក់ ដែលជនសង្ស័យទាំង៥នាក់ កំពុងស្នាក់នៅ ឃើញជនសង្ស័យគ្រងជាសង្ឃ រួមទាំងមានវត្ថុតាំងពាក់ព័ន្ធការសេពសារធាតុញៀនមួយចំនួនផងនោះ នគរបាល បាននាំមកកាន់អធិការដ្នាននគរបាលស្រុកដើម្បីសួរនាំ ។ តាមរយៈនៃកាស្រាវជ្រាវអង្កេត និងមានការនិមន្តចូលរួមពិនិត្យ ពីព្រះតេជគុណ ឈឹម យុត្ត ព្រះអនុគណស្រុកព្រៃនប់ផង បានបញ្ជាក់សាវតារថា ជនសង្ស័យទាំង៥ប្រាំនាក់ គឺជាជនក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត្រឬរៃអង្គាសប្រាក់ពីពុទ្ធបរិស័ទ ក្នុងគោលបំណងទិញគ្រឿងញៀន ប្រើប្រាស់ផ្ទាល់ខ្លួន ។ លោកអធិការនគរបាលស្រុក បញ្ជាក់ថា មនុស្សក្លែងជាសង្ឃ ទាំង៥នាក់នេះ មកពីស្រុកដងទង់ ខេត្តកំពត ក្នុងនោះសម្ភារៈដកហូតបានរួមមាន ស្បង់ចីវរចំនួន៥ សម្រាប់
និងបាត្រចំនួន៣ ។ ជនសង្ស័យទាំង៥នាក់ ក្រោយមកត្រូវបានដោះស្បង់ចីវ រចេញពីសំណាក់ព្រះអនុគុណស្រុក រួចបានប្រគល់ឲ្យនគរបាល ចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯកហួរ យ៉ៃ បានសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសតាមផ្ទះសំណាក់នានា ក្នុងករណីសង្ស័យមុខសញ្ញាមិនល្អណាមួយ សូមជួយផ្តល់ព័ត៌មាន ដូចម្ចាស់ផ្ទះសំណាក់ខាងលើ ដើម្បីសហការជាមួយ សមត្ថកិច្ចក្នុងការបង្ក្រាប៕