មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរ អព្យាក្រឹតឥតលម្អៀង
ភ្នំពេញ៖ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងាររៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជំហរអព្យាក្រឹត ឥតលម្អៀង ដើម្បីសម្រេចបានការបោះឆ្នោត មួយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ពិធីបើកវគ្គបណ្តុះបណ្តាល ប្រធាន គធ.ខប លគធ.ខប សមាជិកទទួលបន្ទុកបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត ក្រោមអធិបតីភាព លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា ” តាមរយៈការបណ្តុះបណ្តាលនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា អ្នកចូលរួមទាំងអស់ នឹងទទួលបាននូវចំណេះដឹង ថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋាន ក្នុងការអនុវត្ត និងចូលរួមអនុវត្តន៍ការងារបោះឆ្នោត នៅតាមរាជធានី ខេត្ត ពិសេសការអនុវត្ត បន្តការងារបណ្តុះបណ្តាល ជូនដល់មន្រ្តីបោះឆ្នោត នៅតាមថ្នាក់រាជធានី ខេត្ត ថ្នាក់ ឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត ដើម្បីឲ្យមន្រ្តីបោះឆ្នោត ទាំងអស់នេះ អាចអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួន បានត្រឹមត្រូវ មានគណនេយ្យភាព និងភាពអាចម្ចាស់ការបានទាំងទ្រឹស្តី និងការអនុវត្ត”។
ឆ្លៀតក្នុងឱកាសនេះ លោក បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមសហាករ និងបន្តសហការតាមតួនាទី ជាមួយ គ.ជ.ប ក៏ដូចជាគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តន៍សម្រេចការងាររៀបចំការបោះឆ្នោត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាថ្នាក់ដឹកនាំប្រទេស ព្រោះការបោះឆ្នោត គឺជាមូលដ្ឋានគ្រឹះនៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេសនាមជំនាញរបស់គ.ជ.ប បង្ហាញលើប្រធានបទ ដូចជា សមាសភាព រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់គណៈកម្មការការិយាល័យបោះឆ្នោត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។ នីតិវិធីនៃការបោះឆ្នោត ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ព្រមទាំងការវេចខ្ចប់ និងប្រគល់ ទទួលសម្ភារៈ ឯកសារសម្រាប់បម្រើឲ្យការបោះឆ្នោត ។ ឯកសារសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ព្រមទាំងនីតិវិធីនៃការស្នើសុំ និងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណើរការបោះឆ្នោត៕