អភិបាលខេត្តព្រះសីហនុ ឲ្យម្ចាស់ការដ្ឋានសំណង់ ទុកដាក់សម្ភារៈ ឲ្យមានរបៀបរៀបរយ ដើម្បីរក្សាបានសណ្តាប់ធ្នាប់
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ណែនាំឲ្យម្ចាស់ការដ្ឋានទាំងអស់ ក្នុងខេត្តព្រះសីហនុ ទុកដាក់សម្ភារៈសំណង់ និងការហ៊ុព័ទ្ធការដ្ឋាននានា ដើម្បីរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព។
យោងតាមសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងរយៈកាលកន្លងមក ក្រុមការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក តែងតែបានចុះពន្យល់ណែនាំ ដោយផ្ទាល់ ចំពោះការរៀបចំទុកដាក់សម្ភារ និងការការពារសុវត្ថិភាព នៅតាមការដ្ឋានសំណង់នានា ប៉ុន្តែម្ចាស់ ការដ្ឋានសំណង់មួយចំនួន នៅតែអនុវត្ត មិនបានល្អទាល់តែសោះ។
សេចក្ដីជូនដំណឹងបន្តថា ដើម្បីរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវ ក៏ដូចជារក្សាបាន សុវត្ថិភាពការងារ នៅតាមការដ្ឋានសំណង់នានា ម្ចាស់ការដ្ឋានសំណង់ ត្រូវអនុវត្តតាមការណែនាំដូចជា៖ ១-ទុកដាក់សម្ភារៈសំណង់ ខ្សាច់ ថ្ម ឥដ្ឋ ដែក ស៊ីម៉ងត៍ និងគ្រឿងបង្គុំផ្សេងៗ ក្នុងការដ្ឋានឲ្យបានត្រឹមត្រូវ , ២-ហាមយកចិញ្ចើមថ្នល់ ទីសាធារណៈ សម្រាប់ធ្វើជាកន្លែងកម្មករបំពេញការងារ , ៣- ចំពោះការចាក់ដីចូលការដ្ឋាន មិនត្រូវធ្វេសប្រហែស ត្រូវគ្រប និងលាងរថយន្តឲ្យបានស្អាត ដើម្បីកុំឲ្យដី ថ្ម ខ្សាច់ ជ្រុះហុយប្រឡាក់ផ្លូវសាធារណៈ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកដ៏ទៃ , ៤- ត្រូវហ៊ុព័ទ្ធការដ្ឋានសំណង់តាមលក្ខណៈបច្ចេកទេស ដើម្បីការពារសុវត្ថិភាព ជៀសវាងការបង្កគ្រោះថ្នាក់ដោយយថាហេតុ។
រដ្ឋបាលក្រុងព្រះសីហនុ ក៏បានទុកពេលឲ្យម្ចាស់ការដ្ឋានសំណង់ រៀបចំកែសម្រួលការដ្ឋានសំណង់របស់ខ្លួន រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ។ ក្រោយកាលបរិច្ឆេទ ក្រុមការងារ នឹងចុះពិនិត្យតាមដាន ហើយបើការដ្ឋានណាមិនបានអនុវត្ត ត្រូវដកហូតសម្ភារៈនានា និងឈានទៅបិទការដ្ឋានតែម្ដង មិនទទួលខុសត្រូវចំពោះការបែកបាក់ ខូចខាត និងការចាយវាយដឹកជញ្ជូនរបស់ម្ចាស់ការដ្ឋានទាំងអស់ឡើយ៕