បុរសម្នាក់កំពុងអង្គុយបូបបាយវិលមុខដួលធ្លាក់ពីលើកៅអីស្លាប់
ភ្នំពេញ ៖ បុរសម្នាក់កំពុងហូបបាយជុំជាមួយម្តាយ ស្រាប់តែកើតមានអាការៈវិលមុខខ្យល់ដួលធ្លាក់ពីលើកៅអីបត់កស្លាប់ភ្លាមៗ កាលពីម៉ោងជិត១១យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
អ្នកភូមិឱ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ ឆេង សុខុម អាយុ ៤៣ឆ្នាំ ជាបុរសកម្លោះចាស់ រស់នៅតែពីរនាក់ម្តាយ ឈ្មោះ ឆេង កេត អាយុ៦២ឆ្នាំ នៅផ្ទះកើតហេតុខាងលើ ដែលមានស្រុកកំណើត ភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
ម្តាយបានឲ្យដឹងថា ការរស់នៅពីរនាក់ម្តាយ កូន ក្នុងស្ថានភាពជីវភាពក្រីក្រ ដោយអាណិតម្តាយ កូនប្រុសខាងលើ សុខចិត្តមិនគិតថារកប្រពន្ធ ម្យ៉ាងជីវភាពក្រីក្រផង សុខចិត្តខំធ្វើការងារជាកម្មករសំណង់ បានប្រាក់គ្រាន់ចិញ្ចឹមម្តាយ តែមួយរយៈមកនេះ កូនប្រុសរូបនេះ ធ្លាក់ខ្លួនឈឺ ការងារត្រូវបានឈប់សម្រាកជាបណ្តោះអាសន្នសិន ហើយការរស់នៅ បានដោយអ្នកជិតខាង និងសាច់ញាតិ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ខណៈដែលកំពុងហូបបាយជុំគ្នា២នាក់ម្តាយ កូន ស្រាប់តែកូនប្រុស កើតមានអាការៈ ខ្យល់គ ដួលដាច់ផ្ងារ ស្លាប់ភ្លាមៗ។ ក្រោយមកត្រូវបងប្អូនប្រជាពលរដ្ឋក្បែរខាងជួយ ដឹកយកទៅតំកល់ នៅវត្តពោធិចិនតុង ទាំងយប់ ។
ចំពោះសាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ខណ្ឌ ពិនិត្យ កោសល្យវិច័យ រួចឃើញថាពិតជាស្លាប់ដោយជម្ងឺខ្យល់គ រួចប្រគល់ឲ្យម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិចិនតុង ៕