ធនាគារពិភពលោក៖ តំបន់អាស៊ីបូព៌ាចាំបាច់ ត្រូវកែសម្រួល គំរូអភិវឌ្ឍន៍ ដើម្បីបន្តរក្សាវឌ្ឍនភាព ជាប្រវត្តិសាស្ត្ររបស់ខ្លួន
គូឡាឡាំពួរ ៖ របាយការណ៍មួយរបស់ធនាគារពិភពលោកនិយាយថា គំរូអភិវឌ្ឍន៍របស់តំបន់អាស៊ីបូព៌ាដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់កន្លងមក ក្នុងនោះមានដំណើរព្រមគ្នានៃកំណើនសេដ្ឋកិច្ចផ្អែកលើការនាំចេញ ការអភិវឌ្ឍមូលធនមនុស្ស និងអភិបាលកិច្ចល្អផ្នែកសេដ្ឋកិច្ច ចាំបាច់ត្រូវមានការកែសម្រួល ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាពចំពោះ បញ្ហាប្រឈមដែលកំពុងតែលេចធ្លោឡើងនៅខាងក្នុងនិងខាងក្រៅតំបន់។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ ធនាគារពិភពលោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ៖ របាយការណ៍ក្រោមចំណងជើងថា A Resurgent East Asia, Navigating a Changing World ផ្តល់ទឡ្ហីករថា ការរីកចម្រើនដ៏សម្បើមដែលតំបន់សម្រេចបានមកដល់ទល់ពេលនេះ គ្មានការធានាថាវានឹងបន្តរក្សាបាននៅពេលអនាគតទេ។ គំរូអភិវឌ្ឍន៍ដែលជំរុញឱ្យមានអ្វីដែលគេហៅថាអព្ភូតហេតុនៅអាស៊ីបូព៌ា ត្រូវតែធ្វើការកែសម្រួលបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលផ្នែកបច្ចេកវិទ្យា ការធ្លាក់ចុះល្បឿនពាណិជ្ជកម្ម និងការផ្លាស់ប្តូរកាលៈទេសៈនៅតាមប្រទេស ប្រសិនបើតំបន់ចង់ឃើញវឌ្ឍនភាពនេះបន្តរក្សាបានទៅថ្ងៃមុខទៀត។
លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «អាស៊ីបូព៌ាកំពុងអភិវឌ្ឍន៍ គឺជាតំបន់មួយទទួលបានជោគជ័យបំផុត ក្នុងអំឡុងពេលមួយភាគបួន(២៥ឆ្នាំ) ចុងក្រោយនៃសតវត្សរ៍នេះ។ ចាប់តាំងពីឆ្នាំ២០០០ មក ផលិតផលក្នុងស្រុកសរុបរបស់ខ្លួន បានកើនឡើងច្រើនជាងបីដង ដោយធ្វើឱ្យមនុស្សជាងមួយពាន់លាននាក់ បានងើបចេញផុតពីភាពក្រីក្រ។ ទោះបីជាមានវឌ្ឍនភាពនេះក៏ដោយ ក៏បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ នៅតែមានគម្លាតទាបខ្លាំងផ្នែក ផលិតភាពកម្លាំងពលកម្ម មូលធនមនុស្ស និងកម្រិតជីវភាពរស់នៅ នៅឡើយ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមានប្រាក់ចំណូលខ្ពស់។» លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ «ការសិក្សាថ្មីនេះ គឺជាការទទួលស្គាល់ថាអ្វីដែលបាន ដំណើរការយ៉ាងល្អរហូតមកទល់ពេលនេះ ប្រហែលជានឹងមិនមានគ្រប់គ្រាន់ នៅក្នុងដំណើរទៅមុខទៀតឡើយ នៅក្នុងខណៈដែលបណ្តាប្រទេសនៅ ក្នុងតំបន់នេះស្វះស្វែងធ្វើអន្តរកាលក្លាយ ខ្លួនពីឋានៈជាប្រទេសដែលមានចំណូលមធ្យម ទៅកាន់ឋានៈជាប្រទេសដែលមានចំណូលខ្ពស់។»
ពាក់កណ្តាលសតវត្សរ៍កន្លងមក ប្រទេសជាច្រើននៅក្នុងតំបន់ គឺជាប្រទេសមានសេដ្ឋកិច្ចកសិកម្មក្រីក្រ ដែលប្រឹងតស៊ូជម្នះ លើកេរដំណែលរបស់ជម្លោះ ឬសេដ្ឋកិច្ចដើរតាមផែនការ ពីថ្នាក់មជ្ឈិម។ ប៉ុន្តែសព្វថ្ងៃ តំបន់នេះកំពុងតែមានសកម្មភាពសេដ្ឋកិច្ចយ៉ាងមមាញឹក ដោយឆ្លុះបញ្ចាំងពីល្បាយសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់និងមធ្យម ដែលមានទំហំសរុបជិតមួយភាគបីនៃ GDP (ផសស) របស់ពិភពលោក។ បច្ចុប្បន្ន ជាង៩០ភាគរយនៃប្រជាជននៅអាស៊ីបូព៌ារស់ នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលមធ្យមចំនួន១០ គឺប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ដែលភាគច្រើនប្រាថ្នាចង់បានឋានៈ ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងមួយជំនាន់ ឬពីរជំនាន់មនុស្សខាងមុខ។
លោក ស៊ូឌៀរ ស្ហេទី សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកសម្រាប់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «ការរួមផ្សំគ្នានៃគោល នយោបាយដែលជំរុញឱ្យមានកំណើនផ្អែកលើការនាំចេញ កំណើនសេដ្ឋកិច្ចផ្អែក លើអតិកម្លាំងពលកម្ម ទន្ទឹមគ្នានឹងការពង្រឹងមូលធនមនុស្សជាមូលដ្ឋាន និងការផ្តល់អភិបាលកិច្ចល្អសេដ្ឋកិច្ច បាននាំមកនូវកំណើន យ៉ាងឆាប់រហ័សនិងមាននិរន្តភាព ហើយវាបានដើរតួជាមធ្យោបាយ យ៉ាងសំខាន់ក្នុងការជួយមនុស្សរាប់រយលាននាក់ នៅអាស៊ីបូព៌ាឱ្យចាកផុតពីភាពក្រីក្រ និងទទួលបានសន្ដិសុខផ្នែកសេដ្ឋកិច្ច។» លោកមានប្រសាសន៍បន្ថែមទៀតថា៖ «ក៏ប៉ុន្តែ ការបន្តរក្សាផលរីកចម្រើនទាំងនេះអាច ជាការលំបាកខ្លាំងនៅចំពោះមុខដែលមាន ការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក និងនៅក្នុងតំបន់។ អ្នកធ្វើគោលនយោបាយនឹងចាំបាច់ត្រូវធ្វើការកែសម្រួល ធាតុផ្សំនៃគំរូអភិវឌ្ឍន៍ដែល ធ្លាប់ធ្វើកន្លងមករបស់អាស៊ីបូព៌ា ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព ទៅនឹងបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមានឡើង។»
របាយការណ៍នេះពិនិត្យលើលក្ខណៈនៃបញ្ហាប្រឈមទាំងនេះ និងផ្តល់តម្រាយអំពីរបៀបដែល អ្នកធ្វើគោលនយោបាយនៅ ទូទាំងតំបន់អាស៊ីបូព៌ាអាចយកមក គិតគូរដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ នៅក្នុងអំឡុងពេលទសវត្សរ៍ខាងមុខ។ វាកំណត់អត្តសញ្ញាណអាទិភាព គោលនយោបាយថ្មីនិងតាមបែបប្រពៃណីរួមគ្នានៅក្នុងវិស័យសំខាន់ៗចំនួន៥៖
• លើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ បន្ថែមលើការបន្ត ពង្រឹងបរិយាកាស អាជីវកម្មនិងបទប្បញ្ញត្តិ អាទិភាពដែលលេចធ្លោរួមមាន កំណែទម្រង់វិស័យសេវាកម្ម ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ គោលនយោបាយបែបនវានុវត្តន៍(បែបច្នៃប្រឌិត) កាន់តែទូលំទូលាយ និងលទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែមាន ការកែលម្អកាន់តែប្រសើរឡើង ជាពិសេសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
• កសាងជំនាញ។ ក្រៅពីការផ្ចង់យកចិត្តទុកដាក់នាពេលបច្ចុប្បន្ន លើធនធានមនុស្សមូលដ្ឋាន វានឹងកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការគាំទ្រដល់ការអភិវឌ្ឍជំនាញកម្រិតខ្ពស់ រួមទាំងជំនាញសង្គមនិងអារម្មណ៍ និងទាំងជំនាញអក្ខរកម្មឌីជីថល។
• លើកកម្ពស់បរិយាប័ន្ន។ បន្ថែមពីលើកម្មវិធីគាំពារសង្គម តាមបែបដែលធ្វើកន្លងមក គេចាំបាច់ត្រូវមានកម្មវិធីធ្វើអន្តរកាល បញ្ចូលបុគ្គលិកដែលជាជនងាយរងគ្រោះទៅរកការងារថ្មីៗ និងដើម្បីធានាបាននូវលទ្ធភាព ទទួលបានបច្ចេកវិទ្យាឌីជីថល ក្នុងតម្លៃសមរម្យដែលអាចជាវបាន។
• ពង្រឹងស្ថាប័នរបស់រដ្ឋ។ បណ្តាប្រទេសនានានឹងត្រូវបង្កើន ប្រសិទ្ធភាពរបស់រដ្ឋតាមរយៈការបង្កើនសម្លេង និងការចូលរួមរបស់ប្រជាពលរដ្ឋ បង្កើនតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋាភិបាលកាន់តែធំធេងថែមទៀត។
• ផ្តល់ហិរញ្ញប្បទានដល់ការធ្វើអន្តរកាលឆ្ពោះ ទៅរកឋានៈជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។ បណ្តារដ្ឋាភិបាលនឹងចាំបាច់ត្រូវស្វែងរក មធ្យោបាយដើម្បីផ្តល់ហិរញ្ញប្បទាន ដល់របៀបវារៈគោលនយោបាយ ដ៏មានមហិច្ឆតាទាំងនេះ ដើម្បីសម្រេចឱ្យបានឋានៈ ជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់ តាមរយៈការបង្កើនប្រាក់ចំណូលក្នុងស្រុក។
ថ្វីបើគេនៅមិនទាន់ដឹងច្បាស់នៅឡើយថាការផ្លាស់ប្តូរមាន លក្ខណសម្បត្តិនិង ល្បឿនបែបណាក៏ដោយ ការពិតនៅត្រង់ថាការផ្លាស់ប្តូរកំពុងតែកើតមានឡើង ហើយការមិនអើពើនឹងវា មិនមែនជាជម្រើសទេ។ របាយការណ៍នេះ ទាញការសន្និដ្ឋានថា ប្រសិនបើអ្នកធ្វើគោលនយោបាយ នៅក្នុងតំបន់នៅរារែក ពួកគេនឹងប្រឈមនឹងហានិភ័យ បាត់បង់ឱកាសដើម្បីបន្តទ្រទ្រង់ការអភិវឌ្ឍ ដ៏គួរឱ្យកត់សម្គាល់របស់តំបន់អាស៊ីបូព៌ា ឱ្យនៅមានវែងឆ្ងាយទៅថ្ងៃមុខទៀត។