EU បារម្ភអំពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលប្រកាស ថាមានដំណើរការល្អ
ភ្នំពេញ៖ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួប៧០ឆ្នាំ ជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងពិភពលោក នៅកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លោក George Edgar ឯកអគ្គររដ្ឋទូត សហភាពអឺរ៉ុប(EU) បានបង្ហាញក្តីបារម្ភ អំពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាទៅវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់កម្ពុជា បានអះអាងថា សិទ្ធិមនុស្សនៅកម្ពុជា កំពុងតែមានដំណើរការល្អ ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ បានសម្ដែងការអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨ ដែលទិវានេះ គឺដើម្បីលើកស្ទួយសិទ្ធិសេរីភាព របស់មនុស្សជាតិគ្រប់រូប ដោយបានលើកឡើងថា សិទ្ធិសេរីភាព បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំ ដែលខ្លួនពេញចិត្ត ដោយសេរី ជាពិសេសសិទ្ធិសេរីភាព ធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន ជឿនលឿនទៅមុខជានិច្ច។
លោក George Edgar បានថ្លែងតាមរយៈអ្នកបកប្រែក្រោយបញ្ចប់ពិធីអបអរសាទរទិវាសិទ្ធិមនុស្សនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ថា ជាទិវាសិទ្ធិមនុស្ស តែងតែជាថ្ងៃដ៏ពិសេស សម្រាប់សហភាពអឺរ៉ុប។
លោកបន្តថា “យើងព្រួយបារម្ភអំពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសនៅពេលព្រឹត្តិការណ៍មួយចំនួន កើតមានឡើង កាលពីឆ្នាំមុននេះ ដែលបង្កផលប៉ះពាល់ ដល់សិទ្ធិនយោបាយ នៅក្នុងប្រទេសកម្ពុជា”។
លោក George Edgar បានសង្កត់ធ្ងន់ថា ការសម្រេចឲ្យបានសិទ្ធិមនុស្ស ត្រូវធ្វើឲ្យបានជាបន្តបន្ទាប់ មិនថាប្រទេសមួយណា ក្នុងពិភពលោកនោះទេ លោកសង្ឃឹមថា នឹងឃើញវឌ្ឍនភាពនៅកម្ពុជា ។ ក្នុងនោះសិទ្ធិជាច្រើន នឹងត្រូវបានលើកកម្ពស់ ជាពិសេសនឹងបង្កើតប្រព័ន្ធ ធ្វើការនៅក្នុងសង្គម ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ នូវសិទ្ធិទាំងអស់នេះ ។
លោកទូតបន្ថែមថា EU បានធ្វើការប្រយ័ត្នប្រយែង អំពីសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើង ចាប់តាំងពីសប្តាហ៍មុននេះ ដែលបានបង្ហាញ ពីភាពវិជ្ជមានជាច្រើន ។ លោកសង្ឃឹមថា អ្វីដែលជាសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាល នឹងក្លាយទៅជាការអនុវត្តជាក់ស្តែង ប៉ុន្តែក៏មិនត្រូវមើលរំលង នូវសមិទ្ធផល របស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើង នាពេលកន្លងមក ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ព្រោះការអភិវឌ្ឍនេះ បានលើកកម្ពស់សេដ្ឋកិច្ច ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្រីក្រ។
កាលពីសប្តាហ៍មុនរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបង្ហាញតម្រុយ នូវវិជ្ជមានជាច្រើន សម្រាប់ស្ថានភាព នយោបាយនៅកម្ពុជា។
ចំពោះបញ្ហា EBAវិញ លោកបានអះអាងថា គឺមិនទាន់មានការសម្រេច យ៉ាងណានៅឡើយទេ គឺៗស្ថិតក្នុងការពិចារណា ព្រោះបានទុកពេល ឲ្យ១២ខែ សម្រាប់កម្ពុជា ក្នុងការពិចារណា ចំពោះសំណើររបស់EU ដើម្បីឲ្យមានការកែប្រែ នូវស្ថានការនយោបាយ៕