ចាំមើលមុខនរណាខ្លះចូលធ្វើនយោបាយវិញ តែលោក សម រង្ស៊ី ព្រមានមន្រ្តីរបស់ខ្លួនថា បើអ្នកណាទទួលយកការដកបំរាមធ្វើនយោបាយវិញ ពីលោក ហ៊ុន សែន គឺក្បត់បក្ស
ភ្នំពេញ៖ លោក សម រង្ស៊ី ដែលប្រកាសដោយខ្លួនឯងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានប្រកាសទុកជាមុនថា លោកមិនត្រូវការឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកផ្លូវឲ្យពួកលោក ធ្វើនយោបាយឡើងវិញនោះទេ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយរួចនៅពេលខាងមុខនេះ។ ជាមួយគ្នានោះ លោក សម រង្ស៊ី បានព្រមានថា បើមន្រ្តីគណបក្សសង្រ្គោះជាតិណាព្រមទទួលយកការដកបំរាមនេះ ពីលោក ហ៊ុន សែន គឺជាអ្នកក្បត់នឹងគណបក្សសង្រ្គោះជាតិហើយ។
បើតាមផេកហ្វេសប៊ុក Sam Rainsy’s កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ បានសរសេរថា “សារជូនទៅលោក ហ៊ុន សែន
ក្នុងនាមមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូប ដែលតុលាការកំពូល បានដកហូតសិទ្ធិធ្វើសកម្មភាពនយោបាយ តាំងពីថ្ងៃ ១៦ វិច្ឆិកា ២០១៧ មក ខ្ញុំសូមប្រាប់ទៅលោក ហ៊ុន សែន ថាមិនចាំបាច់គិតគូរពីពួកយើងទេ ពីព្រោះពួកយើងមិនត្រូវការឲ្យគេផ្តល់សិទ្ធិ ធ្វើសកម្មភាពនយោបាយឲ្យពួកយើងវិញទេ ដរាបណាលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់បានទទួលសេរីភាពពេញលេញនៅឡើយទេ ហើយដរាបណាអជ្ញាធរ ទីក្រុងភ្នំពេញ មិនទាន់បានទម្លាក់ចោល នូវរាល់ការចោទប្រកាន់ មកលើលោកប្រធាន កឹម សុខា។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំស្គាល់ច្បាស់ មន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូបនោះ ពីព្រោះអ្នកទាំងនោះ បានទទួលតំណែងរបស់ខ្លួន នៅពេលដែលខ្ញុំកាន់តំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ។ សម រង្ស៊ី
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ យើងចាំមើលថា ក្នុងចំណោម អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូបនោះ តើមាននរណាខ្លះចង់ទទួលបានសិទ្ធិ ធ្វើសកម្មភាពនយោបាយវិញ តែសុខចិត្តឲ្យលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចាប់ទុកឃុំឃាំងដដែល ដោយសារតែប្រធានរបស់យើង នៅតែត្រូវបានលោក ហ៊ុន សែន ចោទប្រកាន់ពីបទក្បត់ជាតិដដែល។ អ្នកដែលចង់តែរួចខ្លួន ខ្លួនឯងប៉ុណ្ណោះ ដោយមិនគិតគូរពីវាសនាលោកប្រធាន កឹម សុខា និងពីវាសនាគណបក្សយើង អ្នកនោះដើរតាមផ្លូវដែល ហ៊ុន សែន កំណត់ឲ្យដើរ ហើយក៏យល់ព្រមលេងល្បែងដែល ហ៊ុន សែន កំណត់ឲ្យលេង។ អ្នកនោះ បើមិនមែនជាមនុស្សល្ងង់ទេ គឺជាមនុស្សដែលចាប់ផ្តើមក្បត់គណបក្សសង្គ្រោះជាតិ”។
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។ តាមសេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាល កម្ពុជានឹងសិក្សាដើម្បីដកបម្រាមធ្វើនយោបាយ ពីអ្នកនយោបាយដែលតុលាការកាត់ទោស ដែលសម្តៅបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្រ្គោះជាតិធ្វើនយោបាយឡើងវិញ។
រដ្ឋសភា ក៏បានសម្រេចបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបោះឆ្នោតអនុម័តលើ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។
ចំណែកលោកគង់ គាំ បាននិយាយក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១១ធ្នូនេះថា ច្រាស់ច្រាលៗ នៅជិតមាត់ជ្រោះ។
ម្តងប្រធានចលនា ម្តងប្រធានស្តីទី (អតីត…សង្គ្រោះជាតិ)។ ម្តងដោះលែង កឹម សុខា មុន ម្តង សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ ម្តងមិនចាំបាច់គិតពីអ្នក ១១៨ទេ។(លទ្ធផល) សម រង្ស៊ី កឹម សុខា មិនអាចស្ថិតជាកញ្ចប់។ កឹម សុខា មិនអាចដោះលែងមុនខែមីនា ដោយសារការភ្នាល់ ដែលសម រង្ស៊ី ទារហ៊ុន សែន ចុះចេញ។ កឹម សុខា គាំទ្រ – សម រង្ស៊ី មិនគាំទ្រ ៖ អ្នកនយោបាយទទួលបានការលើកបម្រាម មាននីតិសម្បទាធ្វើនយោបាយឡើងវិញ)។ ផ្លេកបន្ទោខុសរដូវ មិនអាចចេញព្យុះ ចេញភ្លៀងបានទេ។
សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយ ពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយ សាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់ នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»៕