រឿង”ព្រាយ”ប្រកាសចាក់បញ្ចាំងតែហាមក្មេង និងអ្នកខ្សោយបេះដូងចូលទស្សនា
ភ្នំពេញ៖ ភាពយន្តភ័យរន្ធត់ថ្មីរបស់ផលិតកម្មបាដិហារ្យភាពយន្ត គឺរឿង”ព្រាយ”ដែលសម្តែងដោយនាយគ្រឿន និងកញ្ញាសួង ស៊ីធឿន នោះ បានប្រកាសចាក់បញ្ចាំងចាប់ពីថ្ងៃទី១៣ខែធ្នូនេះទៅហើយ។ ប្រកាសត្រៀមចាក់បញ្ចាំងភ្លាមភាពយន្តឆ្លុះបញ្ចាំងពីអបិយជំនឿមួយនេះដាក់ បម្រាមិនឲ្យកុមារ និងអ្នកមានជំងឺបេះដូងចូលទស្សនាព្រោះតែជាភាពយន្តភ័យរន្ធត់ខ្លាំង។
ចំណាយពេលប្រមាណ៦ខែក្នុងការចេញផលិត និងចាយដើមទុនជិត៤ម៉ឺនដុល្លារអាមេរិក ផលិតកម្មបាដិហារ្យភាពយន្តបានប្រកាសសម្ពោធចាក់បញ្ចាំងភាពយន្តខាងលើកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨នៅរោងភាពយន្តLegend អេដិន ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ផលិតករ សិល្បករជាច្រើនចូលរួម។ លោក ស៊ុំ ភារិន ចាងហ្វាងផលិតកម្មនិងជាអ្នកដឹកនាំសម្តែងភាពយន្តនេះបានបញ្ជាក់ថា ភាពយន្តនេះគឺជាភាពយន្តទី៥របស់ផលិតកម្ម ហើយជាភាពយន្តបែបភ័យរន្ធតច្រើន និងមានលាយកំប្លែងខ្លះៗ។
លោកថា ផលិតកម្មបានសម្រិតសម្រឹងផលិតដោយបន្ថែមបច្ចេកទេសថ្មី ជាមួយនឹងសាច់រឿងបែបអបិយជំនឿរបស់ខ្មែរដ៏គួរឲ្យចាប់អារម្មណ៍ រួមទាំងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរបស់កម្ពុជា បានបង្កើតបានជារឿងមួយដែលភ័យរន្ធត់ រហូតមានការដាក់បម្រាមពីនាយកដ្ឋានភាពយន្ត មិនអនុញ្ញាតឲ្យក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនានោះទេ ដោយនាយកដ្ឋានក៏មិនឲ្យអ្នកមានជំងឺបេះដូងចូលទស្សនានោះដែរ ដោយអះអាងថាក្នុងភាពយន្តនេះមានឈុតមួយចំនួនគឺបង្ហាញពីភាពរន្ធត់ខ្លាំង អាចបណ្ដាលឲ្យអ្នកមានជំងឺបេះដូងមានបញ្ហាក្នុងពេលទស្សនាបាន។
លោកមិនបារម្មណ៍ក្នុងការបាត់បង់ចំនួនអ្នកគាំទ្រទេបើទោះបីជាមានបម្រាមនេះក៏។ លោកថា បើទោះបីជាភាពយន្តកន្លងទៅរបស់ផលិតកម្មលោកត្រូវចាក់ប៉ះជាមួយភាពយន្តលេខ១របស់ហូលីវូដក៏នៅតែទទួលបានអ្នកចូលទស្សនាបានច្រើនបញ្ជាក់ថាមានអ្នកគាំទ្រភាពយន្តខ្មែរ និងស្នាដៃរបស់ផលិតកម្មលោក ហើយរឿងនេះលោកជឿជាក់ថានឹងជោគជ័យច្រើនដែលអាចទាក់ទាញអ្នកគាំទ្រច្រើនចូលរួម។
លោកថា ផលិតកម្មរបស់លោកក៏បាននឹងកំពុងផលិតភាពយន្តថ្មីៗបន្ថែម ហើយសម្រាប់ឆ្នាំក្រោយលោកក៏នឹងបន្តផលិតភាពយន្តថ្មីដែលចាយទុនយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ដែរថាភាពយន្តរឿង “ព្រាយ” នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបនៅកម្ពុជាចាប់ពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នេះ។ ភាពយន្តនេះមានមាការចូលរួមសម្តែងពីសិល្បរជាច្រើនដូចជានាយគ្រឿន កញ្ញា សួង ស៊ីធឿន កញ្ញា ហេង ស្រីពេជ្រ និងតារាសម្តែងជាច្រើនរូបទៀត៕