ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារនឹងលេចចេញជារូបរាងបង្ហាញសាធារណៈជននៅរង្វង់មូលស្រអែម នៅមុនបុណ្យចូលឆ្នាំខ្មែរនេះ

80

ព្រះវិហារ៖  រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារស្ថិតនៅលើទីតាំងរង្វង់មូលស្រអែម ទីប្រជុំជនឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹងលេចចេញជារូបរាងបង្ហាញអោយសាធារណៈជនបានឃើញនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយ ។

នេះបើតាមការបញ្ជាក់អោយដឹងពីលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់រង្វង់មូលស្រអែមនេះ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេសនិងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារលោកមាស សុភា  លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តព្រះវិហារជាច្រើនរូបទៀត។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តឲ្យដឹងទៀតថារូបសំណាកប្រាសាទព្រះវិហាររង្វង់មូលស្រអែម ស្ថិតនៅទីប្រជុំជនឃុំស្រអែម លើបង្គោលភ្លើងលេខ១៦២  ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះនឹងត្រូវសាងសង់ឡើង ក្រោមការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់ លោក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស មាស សុភា, លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ, លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត, ព្រមទាំងសប្បុរសជននានាផងដែរ ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមទៀតថា ការសាងសង់រង្វង់មូលស្រអែមនេះ នឹងត្រូវសាងសង់ឲ្យរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីទទួលភ្ញៀវទេសចរណ៍ដែលមកទស្សនាកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ ជាពិសេសគឺប្រាសាទព្រះវិហារនេះតែម្តង ហើយចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អរយ៉ាងស្រស់ស្អាត់ផងដែរ ។ ប៉ុន្តែដើមឈើដែលត្រូវដាំនោះដាច់ខាតមិនអោយបាំងរូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះឡើយ។

លោកសំ លាងទ្រីបានបញ្ជាក់ទៀតថា នេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ បន្ទាប់ពីផ្លូវភ្លោះ និង បុស្បុកលោកតាសួង ដែលមាន លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តដឹកនាំក្នុងការកសាងឡើង ។ជាងនេះទៅទៀតចំពោះបណ្តាញគមនាគមន៍វិញ ត្រូវបានជួសជុលនិងស្ថាបនាឡើងស្អាត មិនមានគ្រលុកសំបុកមាន់ឡើយ ងាយស្រួលក្នុងការធ្វើដំណើរទៅមកក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ លោកសំ លាងទ្រីក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយកុំដឹកលើសទំងន់ ដឹកសំពាងសំពោង និងពេលស្រវឹងកុំបើកបរ៕

 

អត្ថបទដែលជាប់ទាក់ទង